(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីដ៏រន្ធត់មួយ បានកើតឡើងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសាររថភ្លើងកិន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវថភ្លើង ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហ៊ុយ ដាវី អាយុ ៤៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ភូមិប្រប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សី បានប្រាប់ឲ្យលោក តាំង ស៊ុនតិច ដែលជាអ្នកយកព័ត៌មាន Fresh News ដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះខាងលើ កំពុងតែអង្គុយនៅលើផ្លូវរថភ្លើងតែម្នាក់ឯង ក្នុងស្ថានភាពស្រវឹងស្រា ខណៈពេលនោះ ស្រាប់តែមានរថភ្លើង បានបើកមកដល់ និងចុចស៊ីផ្លេ។ ភ្លាមៗនោះ កូនស្រីបង្កើតរបស់គាត់ បានស្រែកហៅម្តាយរបស់ខ្លួនឲ្យក្រោកមក តែដោយសារតែរថភ្លើងមកជិតដល់ និងមិនអាចទាញគាត់មកទាន់ ក៏ត្រូវរថភ្លើងខាងលើបុកអូសកិន ប្រហែលជាចំងាយប្រមាណជា ១០០ម៉ែត្រពីកន្លែងកើតហេតុបណ្តាលឲ្យដាច់ក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តពោធិ៍ចិនតុង៕