(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,០២៣គ្រឿង រកឃើញល្មើសច្បាប់៦១៥គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ២១១គ្រឿង និងផាកពិន័យ៤០៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៤៧៥គ្រឿង អប់រំ១១២គ្រឿង និងផាកពិន័យចំនួន១៦៦គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៤៦៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៣,២៥៤គ្រឿង រកឃើញយានយន្តល្មើស ១០,១០៥(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៣,៧៥១គ្រឿង និងផាកពិន័យ៦,៣៥៤គ្រឿង (ម៉ូតូ៩៥ភាគរយ)៕