(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីទៅចូលរួមមហាសន្និបាត លើកទី៨៦ របស់អង្គការសុខភាពសត្វពិភពលោក រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីទៅចូលរួមមហាសន្និបាត លើកទី៨៦ របស់អង្គការសុខភាពសត្វពិភពលោក ខាងលើនេះ គឺធ្វើឡើង តបតាមការអញ្ជើញរបស់លោក Monique ELOIT អគ្គនាយកនៃអង្គការសុខភាពសត្វពិភពលោក World Organize for Animal Health (OIE) និងមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងមហាសន្និបាត ដ៏មានសារសំខាន់នេះ លោក វេង សាខុន នឹងចូលរួមថ្លែងសន្ទរកឋា បើកតំណាងឲ្យរដ្ឋមន្ត្រីកសិកម្ម នៃប្រទេស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមានការចូលរួម ដោយប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីកសិកម្ម ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកខាងសុខភាពសត្វ ព្រមទាំងអ្នកសង្កេតការ មកពីបណ្តាលប្រទេស១៨១ លើពិភពលោកផងដែរ។
គោលបំណងចំបង នៃមហាសន្និបាតលើកទី៨៦ នៃអង្គការសុខភាពសត្វពិភពលោក គឺដើម្បីពិនិត្យ និងអនុម័តលើពិធីសារមួយចំនួន ទាក់ទងទៅនឹងការកំណត់ស្តង់ដារ នៃការត្រួតពិនិត្យ ជំងឺសត្វ និងការការពារការឆ្លងជំងឺពីសត្វមកមនុស្ស ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសត្វ និងសាច់សត្វរបស់ប្រទេសជាសមាជិក។
តាមរយៈការចូលរួមមហាសន្និបាតនេះ កម្ពុជានឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសុខភាពសត្វ ជាមួយបណ្តាប្រទេស ដែលជាសមាជិកក្នុងការបង្កើនការពង្រឹងសមត្ថភាព ការពារសុខភាពសត្វ និងការបើកទីផ្សារពាណិជ្ជកម្មសត្វ និងសាច់សត្វរបស់កម្ពុជា លើទីផ្សារអន្តរជាតិ និងជាពិសេសអាចទាក់ទាញ អ្នកវិនិយោគ ដែលមានបំណងចង់មកវិនិយោគ លើការចិញ្ចឹមសត្វនៅកម្ពុជា។
ម៉្យាងវិញទៀត កម្ពុជាក៏នឹងទទួលបាននូវជំនួយជាវ៉ាក់សាំងការពារជំងឺអ៊ុតក្តាម និងសារទឹកគោ ក្របីចំនួនប្រមាណ២០ម៉ើនដូស ពីអង្គការសុខភាពសត្វពិភពលោក OIE នេះផងដែរ សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺនេះ ដល់ប្រជាកសិកររបស់កម្ពុជា៕