(រតនគិរី)៖ អភិបាលរងខេត្តរតនគិរីថ្មី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលរងខេត្តរតនគិរីថ្មី គឺលោក មួង ប៉ាង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលរងខេត្ត ជំនួសលោក លី វិន្ទ ដែលត្រូវចូលនិវត្តន៍ និងដើម្បីបំពេញក្នុងរចនាសម្ព័ន្ធជួរគណៈអភិបាលខេត្ត ដែលចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្នុងឱកាសនោះ លោក សក់ សេដ្ឋា ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ដែលបានចូលរួមចំណែក នូវក្នុងការរក្សាស្ថេរភាព និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងចន្លោះ ៧%។
លោកបានផ្តាំផ្ញើដល់គណៈអភិបាលខេត្ត ក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងស្នាមញញឹម អនុវត្តឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះត្រូវរួមគ្នា រក្សាស្ថេរភាពប្រទេស ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលបង្ករអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។
ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ៕