(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានពន្យល់ជុំវិញ ករណីក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន ដែលបានបង្ហាញក្តីបារម្ភ រឿងក្រុមហ៊ុនវៀតណាម មានបំណងចង់បោះទុនវិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និងផ្គត់ផ្គង់សណ្ឋាគារ និងកន្លែងលំហែកាយរបស់គេនៅកម្ពុជា និងប្រទេសវៀតណាម, ដោយក្រសួងអះអាងថា ករណីនេះ គឺក្រុមហ៊ុនគ្រាន់តែបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនប៉ុណ្ណោះ មិនទាន់មានការអនុញ្ញាឲ្យដាំដុះ នៅកម្ពុជានៅឡើយទេ។
ក្រសួងកសិកម្មបានបញ្ជាក់ថា ប្រសិនបើកគម្រោងការវិនិយោគនេះ ដំណើរការក្រុមហ៊ុននឹងសហការជាមួយកសិករដាំបន្លែ ផ្លែឈើមែននោះ ត្រូវអនុវត្តន៍ផលិតកម្មកសិកម្មកិច្ចសន្យា ដើម្បីធ្វើការផលិតតាមគោលការណ៍ កសិកម្មសិរីរាង្គ ឬការអនុវត្តន៍កសិកម្មល្អ សម្រាប់ផ្គត់ផ្គង់សណ្ឋាគារ កន្លែងលំហែកាយ ទាំងនៅកម្ពុជា និងនៅវៀតណាម។ ក្រុមហ៊ុននឹងត្រូវរៀបចំកសិដ្ឋានដាំដុះគំរូ ដើម្បីបង្ហាញឲ្យកសិករធ្វើការដាំដុះតាមបទដ្ឋាន បច្ចេកទេសសមស្រប ពូជមានទិន្នផលខ្ពស់ និងក្រុមហ៊ុននឹងប្រមូលទិញមកវិញ ដើម្បីបំពេញតម្រូវការទីផ្សារតាមគោលបំណងខាងលើ។
ក្រសួងកសិកម្មសង្កត់ធ្ងន់ថា គម្រោងវិនិយោគខាងលើនេះ មិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះភាគីអ្នកវិនិយោគមិនទាន់ធ្វើ ការសិក្សាបានច្បាស់លាស់ ស្តីពីផែនការលើការបោះទុនវិនិយោគនៅឡើយ។
ក្រសួងបញ្ជាក់ថា «តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនត្រូវលើកសំណើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយត្រូវដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងការវាយតម្លៃលើផលប៉ះពាល់នៃគម្រោងវិនិយោគ ព្រមទាំងត្រូវមានការសម្រេចពីរាជរដ្ឋាភិបាលផងដែរ។ ចំពោះការលើកឡើងរបស់បណ្តាញព័ត៌មានសង្គមមួយចំនួនកន្លងមក គឺជាការវិភាគមិនទាន់គ្រប់ជ្រុងជ្រោយ និងការស្វែងយល់ឱ្យបានស៊ីជម្រៅពីគោលបំណងនៃការវិនិយោគនោះនៅឡើយទេ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា សាធារណជនពិតជាបានយល់ច្បាស់អំពីអ្វីដែលក្រសួងបាននិងកំពុងធ្វើ ហើយនឹងជម្រះបាននូវការមន្ទិលសង្ស័យនានាដែលបានលើកឡើងតាមបណ្តាញព័ត៌មានសង្គមមួយចំនួន ដោយឈរលើការវិភាគមិនបានច្បាស់លាស់ និងសូមមេត្តាជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការ វិនិយោគមួយនេះ៕