(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសារមន្ទីររដ្ឋធានីរបស់ចិន ដើម្បីធ្វើការរួមគ្នាលើវិស័យសារមន្ទីរ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរការតាំងពិព័រណ៍ ការស្រាវជ្រាវ និងផ្លាស់ប្ដូរបទពិសោធន៍ ព្រមទាងបណ្ដុះបណ្តាលអ្នកជំនាញផ្នែកសារមន្ទីរផងដែរ។
ពិធីចុះអនុស្សរណៈយោគយល់ ត្រូវបានធ្វើឡើងដោយអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ស៊ ុំ ម៉ាប់ និងប្រធានសារមន្ទីររដ្ឋធានី លោក HAN Zhanming។ ខ្លឹមសារពិស្ដារពីបំណងនៃពិធីចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ រួមមាន បង្កើតការផ្លាស់ប្ដូរការសិក្សាស្រាវជា្រវផ្តោតលើសមុច្ច័យរបស់សារមន្ទីរទាំងពីរ បង្កើតការផ្លាស់ប្ដូរស្ដពីការតាំងពិព័រណ៍ និងសហការអភិរក្សរួមគ្នារវាងភាគីទាំងពីរ បង្កើតការផ្លាស់ប្ដូរបុគ្គលិក និងអ្នកជំនាញសារមន្ទីរ និងអញ្ជើញបុគ្គលិកសារមន្ទីរចូលរួមក្នុងសន្និសីទ និងសកម្មភាពផ្សេងៗទៀត។
មានមតិស្វាគមន៍ក្នុងពិធីចុះអន្សរសណៈយោគយល់នេះដែរ លោក ស៊ ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរម្លឹកឡើងវិញនូវទំនាក់ទំនងគ្នាយ៉ាងល្អប្រសើររវាងភាគីចិន និងកម្ពុជា ហើយស្ថាប័នមួយរបស់ចិនក៏បាននិងកំពុងជួយការងារជួសជុលប្រាសាទបុរាណខ្មែរផងដែរ។
ម្យ៉ាងទៀត នេះជាលើកទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈយោគយល់ជាមួយភាគីចិន ទាក់ទងនឹងវិស័យសារមន្ទីរ។ បន្ថែមពីនេះ លោកអគ្គនាយកក៏បានរៀបរាប់ពីសារមន្ទីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមមាន សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌអាស៊ី និងសារមន្ទីរកុលាលភាជន៍ភូមិតានី។
គួរបញ្ជាក់ថា អនុស្សរណៈនេះរៀបចំឡើង ស្របពេលដែលពិភពលោកកំពុងអបអរទិវាសារមន្ទីរអន្ដរជាតិ ១៨ ឧសភា ក្រោមប្រធានបទ «សារមន្ទីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ វិធីសាស្រ្តថ្មី សាធារណជនថ្មី (Hyperconnected Museums New approaches, new publics)»៕