(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការ បង្ក្រាបទីតាំងបើកល្បែងស៊ីសង់មួយកន្លែង នៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ​កម្លាំងជំនាញរបស់ផែន​នគរបាលព្រហ្មទណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និងវត្ថុតាងមួយចំនួនផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានទី១៖ឈ្មោះ ​អ៊ុន​ សាមឿន ​អាយុ៥៧ឆ្នាំ ​មានទីលំនៅភូមិទី១០ ឃុំកោះសូ​ទិន ស្រុកកោះសូ​ទិន, ទី២៖ឈ្មោះ ម៉ៅ ស៊ីម៉ុង ​អាយុ៦០ឆ្នាំ ​មានទីលំនៅភូមិទី៤ ឃុំកោះសូទិន ស្រុកកោះសូទិន, ទី៣៖ឈ្មោះ ប៉ា ពីន ​អាយុ៥១ឆ្នាំ​ មានទីលំនៅភូមិទី២ ឃុំកោះសូ​ទិន ស្រុកកោះសូ​ទិន និងទី៤៖ឈ្មោះ ចាន់ រុន ​អាយុ៦៥ឆ្នាំ ​មានទីលំនៅភូមិទី១៤ ឃុំកោះសូ​ទិន ស្រុកកោះសូ​ទិន។

ក្រោយប្រតិបត្តិការកម្លាំងជំនាញដកហូតវត្ថុតាង ហាន់តោអាប៉ោងចំនួន០១, ចានទ្រអាប៉ោងចំនួន០១, មេអាប៉ោងចំនួន០២គ្រាប់, បៀរចំនួន០១ហ៊ូ, ប្រាក់រៀលចំនួន១,៨៨០,០០០​រៀល
និងម៉ូតូចំនួន១០គ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យ បាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដោយមានការសម្របសម្រួលពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម​៕​