(កំពង់ចាម)៖ ក្រោយពីទទួលបទបញ្ជាពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមរួចមក, ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើតេស្តទឹកម៉ូត ឬទឹកនោម ទៅលើអ្នកបើកបរថយន្តធុនធំ និងជំនួយការបើកបរ (ព្រូឡាន) ជាលទ្ធផលបានរកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន២៩នាក់។ ក្នុងនោះបានអនុវត្តន៍វិធានការអប់រំ និងចេញដីកាបញ្ជូនខ្លួនឲ្យទៅផ្តាច់ ឬបន្សាបសារធាតុញៀន នៅតាមមូលដ្ឋានរៀងៗខ្លួន។
លោកវរសេនីយ៍ អ៊ឹម ស៊ាងឌី នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ខាងមន្ត្រីជំនាញគ្រឿងញៀន ចរាចរណ៍ និងមន្ត្រីមូលដ្ឋាន ស្រុកស្ទឹងត្រង់ ស្រុកបាធាយ កងមាស កោះសូទិន ស្រីសន្ធរ កំពង់សៀម និងកំពង់ចាម ចុះអនុវត្តន៍វិធានការរដ្ឋបាលឃាត់រថាត់រថយន្តធុនធំកំពុងធ្វើចរាចរលើដងផ្លូវ ដែលសង្ស័យអ្នកបើកបរ ជំនួយការបើកបរ និងកម្មករតាមរថយន្ត គឺបគឺបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើតេស្តទឹកនោមស្វែងរកសារធាតុគ្រឿងញៀន ក្នុងខ្លួននៃជនទាំងនោះម្នាក់ៗ។
លោកនាយការិយាល័យ បានឲ្យដឹងទៀតថា ជាលទ្ធផលនៃការធ្វើតេស្ត យើងបានស្វែងរកឃើញអ្នកមានផ្ទុកសារធាតុគ្រឿងញៀញសរុបចំនួន២៩នាក់។
ជាមួយនោះនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅដោយផ្ទាល់ ដែលបានអមដំណើរជាមួយលោក ហួត វុទ្ធី ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះ ជួបជាមួយអ្នកផ្ទុកសារធាតុញៀនទាំងជាង២០នាក់ ក្នុងស្នងការនគរបាល។
លោកអភិបាលខេត្ត បានថ្លែងប្រាប់ថា នេះជាវិធានការសាកល្បង គឺគ្រាន់តែធ្វើការអប់រំ ជាលើកទី២ ហើយលោកព្រះរាជអាជ្ញាចេញដីកា និងលោកប្រធានមន្ទីរសុខាភិបាលចែកថ្នាំព្យាបាលផ្តាច់គ្រឿងញៀន បញ្ជួនទៅព្យាបាល និងផ្តាច់ ឬបន្សាបនៅតាមមូលដ្ឋានរៀងៗខ្លួនតែម្តង។
លោក គួច ចំរើន បានដាក់កម្រិតទៅកាន់អ្នកទាំង២០នាក់ថា នេះជាចំណាត់ការលើកទី២ហើយ ប្រើត្រឹមវិធានការអប់រំ និងបញ្ជូនខ្លួនឲ្យទៅព្យាបាលផ្តាច់គ្រឿងញៀន នៅឯមូលដ្ឋានភូមិឃុំ។ ប៉ុន្តែចំណាត់ការបន្ត ពោលគឺបើត្រួតពិនិត្យប៉ះចំមុខសញ្ញាដដែល មានក្នុងបញ្ជីនេះម្តងទៀតនោះ គឺយើងនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានលើកលែងទៀតឡើយ។ ដោយអភិបាលខេត្តបានអាននូវមាត្រា ៦៣ នៃច្បាប់ស្តីពី គ្រឿងញៀន ឲ្យស្តាប់បន្ថែមទៀត និងប្រាប់ឲ្យទន្ទិញច្បាប់នេះដើម្បីឲ្យយល់ច្បាស់ដោយខ្លួនឯង។
លោកបានផ្តាំផ្ញើដល់ប្អូន ដែលជាអ្នកបើកបរនិងជំនួយការបើកបរទាំងអស់ សូមកុំបន្តប្រើប្រាស់គ្រឿងញៀនបន្តទៀត ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពខ្លួនខូចកិត្តិយសក្រុមគ្រួសាររបស់ខ្លួន ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ជាពិសេសសារធាតុមានទាំងនោះធ្វើឲ្យប៉ះពាល់ដល់កូនរបស់ខ្លួនផងដែរ។ ដើម្បីឱ្យខ្លួនចៀសចាកឆ្ងាយពីគ្រឿងញៀន សូមអ្នកបើកបរទាំងឡាយមេត្តាប្រាស់គ្រឿងញៀន តទៅទៀតប្រសិនបើខ្លួនមានផ្ទុកសារជាតិមាន ហើយសូមអញ្ជើញទៅទទួលថ្នាំបន្សាបគ្រឿងញៀននៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួនរាងរាងខ្លួន។
អ្នកបើកបររថយន្តផ្ទុកសារធាតុញៀនក្នុងខ្លួនស្ថិតក្នុងចំណោម២០នាក់ នោះបាននិយាយថា ខ្លួនពិតជាមានការសោកស្តាយ ដែលបានប្រព្រឹត្តកំហុសសេពគ្រឿងញៀននេះបានម្តងគត់។ ខណ:នេះខ្លួននឹងព្យាយាមព្យាបាលផ្តាច់ឲ្យអស់សារធាតុញៀនពីក្នុងខ្លួនឲ្យបានជោគជ័យ៕