(ភ្នំពេញ)៖ សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប បានរៀបចំកម្មវិធី «វេទិកាឧស្សាហកម្មដែក៖ ដាក់ប្រទេសកម្ពុជានៅលើ ផែនទីឧស្សាហកម្មដែកពិភពលោក» នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ក្នុងទិសដៅក្នុងការត្រួតពិនិត្យឡើងវិញនូវវិស័យសំណង់ទូទៅ និង វិស័យសំណង់ពាក់ព័ន្ធនឹងគ្រោងបង្គំដែករបស់ប្រទេសកម្ពុជា និង ការពិចារណាទៅលើការអភិវឌ្ឍនាពេល អនាគត ក្នុងឧស្សាហកម្មដែក។
ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ហើយវិស័យសំណង់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ វេទិកាឧស្សាហកម្មដែកដំបូងក្នុងប្រទេសកម្ពុជានេះ នឹងត្រួតពិនិត្យ និង សិក្សា អំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃឧស្សាហកម្មដែក និង លទ្ធភាពក្នុងការផលិតដែកក្នុងប្រទេសកម្ពុជា។
លើសពីនេះទៀត វេទិកានេះ មានការពិភាក្សាយ៉ាងស៊ីជម្រៅអំពីខ្សែសង្វាក់ផ្គត់ផ្គង់ និង តម្លៃក្នុងតំបន់ ក៏ដូចជា ការប្រើប្រាស់ដែក ក្នុងការជួយគាំទ្រដល់វិស័យសំណង់ និង រោងចក្ររបស់កម្ពុជា។
លោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប បានបញ្ជាក់ថា៖ «ក្នុងនាមជា តួអង្គសំខាន់មួយក្នុងខ្សែសង្វាក់តម្លៃនៃឧស្សាកម្មដែក យើងជឿជាក់ថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយ ក្នុងការរៀបចំវេទិកានេះ ដោយអរគុណទៅដល់កត្តាសំខាន់ៗមួយចំនួន។ ទីមួយ កត្តាស្ថិរភាពនយោបាយ ដែលនាំឲ្យសេដ្ឋកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅរយៈពេល២ ទសវត្សរ៍ចុងក្រោយនេះ។ ទី២ គឺការ ប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឧស្សាហូបនីយកម្ម ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុង «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥» ដែលមានទិសដៅក្នុ្ងងការនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់រចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បី ក្លាយជាឧស្សាហកម្មតម្លៃបន្ថែមខ្ពស់» ។
វេទិកានេះ ចូលរួមដោយថ្នាក់ដឹកនាំប្រហែល៣០០នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និង ស្ថាប័ន ស្រាវជ្រាវ ហើយក៏មានអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសផងដែរកាលពីចុងសប្តាហ៍នេះ។
ក្នុងវេទិកាពេញមួយថ្ងៃនេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួន៣។ ការពិភាក្សាទី១ ក្រោមប្រធានបទ «ការអភិវឌ្ឍ នៃឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា៖ ពេលអនាគត និង បញ្ហាប្រឈម»។ ការពិភាក្សាទី២ គឺផ្ដោតទៅលើ «ការអភិវឌ្ឍឧស្សាហកម្មដែកក្នុងតំបន់អាស៊ាន៖ ឱកាស និង បញ្ហាប្រឈម» និង ចុងក្រោយ គឺ«ទិសដៅរីកចម្រើន សម្រាប់ឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា»។
ក្នុងកិច្ចពិភាក្សានីមួយៗ គឺមានការចូលរួមដោយអ្នកជំនាញសំខាន់ៗ ទាំងជាតិ និង អន្តរជាតិ ដែលសុទ្ធតែមានបទពិសោធន៍ស៊ីជម្រៅចំពោះប្រធានបទនីមួយៗ ដូច្នេះហើយពួកគេនឹងចែករំលែកចំណេះដឹងដ៏អស្ចារ្យ និង ទស្សនសំខាន់ៗរបស់ខ្លួន។
វេទិកានេះ ត្រូវបានសហការរៀបចំដោយបុត្រសម្ព័ន្ធអាយ អេស អាយ គ្រុបចំនួន៤ រួមមាន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្រុមហ៊ុន Fuxin Steel Buildings ក្រុមហ៊ុន Chungkang Steels Structure Cambodia (CSSC) និង ក្រុមហ៊ុន Mekong Materials Enterprise (MME)។
កន្លងមកមុនពេលរៀបចំកម្មវិធីនេះ សម្ព័ន្ធក្រុមហ៊ុនអាយ អេស អាយ គ្រុប ក៏បានរៀបចំកម្មវិធីមួយស្តីពី «ការលេចឡើងនៃអគារខ្ពស់ៗក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួមពីបុគ្គលសំខាន់ៗជាច្រើន កាលពីថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៨។
ព័ត៌មានបន្ថែម សូមទាក់ទង៖
*លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈ អ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL ៕