(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលចរាចរ និងរំដោះការលិចលង់ជូនប្រជាពលរដ្ឋ ពិសេស នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ដែលការដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មិនទាន់បានល្អប្រសើរឡើយ។
ការដាក់ចេញជាគម្រោងថ្មីទៀតនេះ បានបង្ហាញឲ្យដឹង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអាជ្ញាធរក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរិះរកវិធីថ្មីៗទៀត ក្នុងការដោះស្រាយបញ្ហាចរាចរ និងការលិចលង់ជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានលើកឡើងថា ខណ្ឌមានជ័យ ពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ មានប្រជាពលរដ្ឋរស់នៅច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធ នៅមិនទាន់មានគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវឡើយទេ ពិសេសប្រព័ន្ធលូ និងផ្លូវនាំឲ្យពិបាកក្នុងការធ្វើដំណើរនិងប្រឈមនឹងការលិច។
លោកបន្តថា «ទោះបីជាយ៉ាងណាក្តីតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាលូមេ មួយចំនួន ហើយដើម្បីដោះស្រាយលើបញ្ហាលិចលង់នេះ»។
គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ដោយគម្រោងនេះ បែងចែកជា៤តំណាក់កាល។ ក្នុងនោះដំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ។
គួរបញ្ជាក់ទៀតថា ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕