(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានថ្លែងថា គ្មានអ្វីប្រសើរ ឬល្អជាងគ្រួសារយើង ដែលចេះរួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក និងប្រកាន់ភ្ជាប់នូវភាពថ្លៃថ្នូរ សម្រាប់ខ្លួនឯង អ្នករួមដំណើរ ដោយបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះទាក់ទាញភ្ញៀវជាតិ អន្តរជាតិ បានស្គាល់ បានឃើញ អំពីលក្ខណៈភូមិសាស្ត្រ ព្រមទាំងសក្តានុពលសំខាន់ៗរបស់ខេត្ត ពិសេសតំបន់ទេសចរណ៍របស់យើង។
អភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាលើកទី៣ ជាមួយក្រុមគ្រួសារអ្នករត់តាក់ស៊ី ក្រុងពោធិ៍សាត់ ចំនួន១៣០នាក់ នៅសណ្ឋាគារសេនជូរី ក្នុងគោលបំណងសម្តែងនូវការនឹករលឹក និងសិក្សាស្វែងយល់អំពីស្ថានភាព ជីវភាព និងមុខរបរ រកស៊ីប្រចាំថ្ងៃ ថាតើមានការរីកចម្រើន ឫជួបបញ្ហាប្រឈមអ្វីខ្លះ ចាប់តាំងរៀបចំគ្រួសាររត់ស៊ី រហូតមកដល់ពេលនេះ។
លោក ម៉ៅ ធនិន បានថ្លែងទៀតថា នេះគឺជាលើកទី៣ ក្នុងនាមជាមេមហាគ្រួសាររត់តាក់ស៊ី ក៏ដូចជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដែលរូបឯកឧត្តម បានជ្រើសរើសពេលវេលាមួយ មិនឲ្យមានការប៉ះពាល់ដល់របរទទួលទាន ធ្វើការសំណេះសំណាល សួរសុខទុក្ខ និងសិក្សាស្វែងយល់អំពីស្ថានភាព ជីវភាព សម្របសម្រួលដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធទៅនឹងមុខរបរប្រចាំថ្ងៃ។ លោកបានបន្ថែមថា ធ្វើជាមេគ្រួសារត្រូវចេះស្គាល់សុខស្គាល់ទុក្ខ និងត្រូវចេះដោះស្រាយ ប្រកបដោយប្រសិទ្ធិភាព ជាក់ស្តែងពាក់ព័ន្ធទៅនឹងការបង់ថ្លៃបេន ដោយមានសំណូមពរពីបងប្អូនរត់តាក់ស៊ី ឯកឧត្តមបានធ្វើការសម្របសម្រួល រហូតមកដល់ពេលនេះ មានភាពល្អប្រសើរ និងអនុវត្តត្រឹមត្រូវទៅតាមសៀវភៅបន្ទុក។
លោកបានជម្រាបជូនទៀតថា ជាការពិតណាស់ថា យើងមានអាជីពជាអ្នករត់តាក់ស៊ី មានបានសព្វថ្ងៃ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហេតុនេះរួមគ្នាជួយថែរក្សាការពារខ្សែក្រវាត់សុខសន្តិភាព ស្ថេរភាពនេះបន្តទៅទៀត កុំឱ្យធ្លាក់ចូលទៅក្នុងរបបខ្មៅងងិត ដែលធ្លាប់បានឆ្លងកាត់ទុក្ខវេទនារួចមកហើយ។
ដើម្បីសម្តែងនូវទឹកចិត្តគោរពស្រឡាញ់លោក ម៉ៅ ធនិន បានផ្ញើជូនវត្ថុកំដរដៃជាសារុង១ ត្រីខ១កំប៉ុង អង្ករ១០គីឡូក្រាម និងទទូលទានបាយសាមគ្គីមួយពេលជួបជុំគ្នា ព្រមទាំងបានជួយឧបត្ថម្ភថវិកាមួយលានរៀល ដល់ភរិយាសមាជិកគ្រួសាររត់ស៊ីឈ្មោះ ហួត វុទ្ធី (ហៅបារាំង) អាយុ៤៩ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ដោយរោគពាធផងដែរ៕