(កំពង់ឆ្នាំង)៖ អតីតយុទ្ធជនចំនួន២,១៦២នាក់ មកពីស្រុកទឹកផុស កំពង់ត្រឡាច បរិបូណ៍ រលាប្អៀរ និងសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលទើបបានបំពាក់មេដាយការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសថា នឹងទៅចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជន។
ក្រៅពីប្រកាសថានឹងទៅចូលរួមបោះឆ្នោតហើយនោះ អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង ក៏ប្ដេជ្ញាបន្ដបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីរបស់កម្ពុជា នៅអាណត្តិនេះ និងនៅអាណត្តិបន្ដបន្ទាប់ផងដែរ។
ក្នុងពិធីនៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងមានការចូលរួមពី លោកស្រី ដោក សុធា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកស្រី កែវ ចាន់មុន្នី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនទាំងអស់ផងដែរ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម សម្តេច មើលឃើញពីការលំបាករបស់សមាគមអតីតយុទ្ធជន ក្នុងរយៈកាលកន្លងមកទើបសម្តេច ប្រគល់ឲ្យកងកម្លាំងប្រដាប់អាវុធ និងលោកផ្ទាល់ទទួលគ្រប់គ្រងវិញ ដូច្នោះទើបថ្នាក់ដឹកនាំទាំងអស់ខំប្រឹងប្រែងបំពេញការងារដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការកែលំអជីវភាពរស់នៅរបស់សមាជិក និងបង្កើនស្មារតីជួយគ្នាទៅវិញទៅមកក្នុងឋានៈជាសមាជិកសមាគម ពេលជួបគ្រោះថ្នាក់ មានទុក្ខលំបាក ឬទទួលមរណភាពជាដើម។
នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានបន្តថា រយៈពេលជិត៣ឆ្នាំនេះ សមាគមសម្រេចបានលទ្ធផលគួរកត់សំគាល់ ជាអាទិ៍ ការបើកផ្តល់ ប្រាក់មរណសង្រ្គោះបានទាន់ពេលបុណ្យសព ដែលពីមុនមានការយឺតយ៉ាវ, ការគិតគូរសាងសង់ផ្ទះជូន អតីតយុទ្ធជនលំបាកខ្វះខាត, ការត្រៀមបែងចែកផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនដើម្បីបានអាស្រ័យផល, ការពង្រឹងការគ្រប់គ្រងសមាជិក នៅមូលដ្ឋាន ឃុំភូមិ ជំរុញការរៀបចំសៀវភៅ បញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់។
ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង មានបងប្អូនទីទល់ក្រចំនួន១០៧នាក់ បងប្អូនដែលគ្មានដី គ្មានផ្ទះ៧៤គ្រួសារ មានដីតែមានផ្ទះមិនសមរម្យ២៨គ្រួសារ ក្នុងនោះ៥គ្រួសារ បានទទួលផ្ទះអំណោយរបស់សម្តេចរួចហើយ។ សម្រាប់ថ្ងៃនេះ នាយឧត្តមសេនីយ៍ បានគោរពស្នើសុំសម្តេច សាងសង់ផ្ទះផ្តល់ជូនបងប្អូន ដែលទ័លក្រ ចំនួន៣០គ្រួសារ និងជំរុញឲ្យថ្នាក់ដឹកនាំ ធ្វើការគ្រប់គ្រង និងចែកដីដែលមានស្រាប់ជូនអ្នកដែលគ្មានដីគ្មានផ្ទះទាំង៧៤គ្រួសារឲ្យបានឆាប់។
លោក ចាន់ ញិន យោធិនពិការ អតីតកងពលធំលេខ១៩៦ មានទីលំនៅភូមិវាលស្បូវ និងលោក ហ៊ុយ ពែក យោធិនពិការ អតីតកងពលធំលេខ៤ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ជំនួសមុខឲ្យសមាជិកអតីតយុទ្ធជនដែលមកចូលរួមក្នុងពិធីនេះ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលតែងតែគិតគូរដល់គាត់ទាំងជីវភាព និងសុខភាព ហើយពេលនេះត្រូវបាន សម្តេចទួលថ្វាយព្រះមហាក្សត្រ ព្រះរាជទានមេដាយជូនពួកគាត់ទៀត៕