(ភ្នំពេញ)៖ ក្រោយជំងឺ Ebola ដ៏កាចសាហាវបាននិងកំពុងផ្ទុះឡើងជាថ្មី នៅប្រទេសកុងហ្គោលនោះ, ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋ ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសក្នុងទ្វីប ហើយមានរោគសញ្ញា គ្រុនក្តៅលើសពី៣៨.៥អង្សាសេ, ឈឺសាច់ដុំ, អស់កម្លាំង, ក្អួត, កន្ទួលក្រហមឬចេញឈាម សូមទៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ។
បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងសុខាភិបាលក៏បានបង្ហាញវិធានការបង្ការ និងត្រៀមឆ្លើយតបមួយចំនួនផងដែរ រួមមាន៖
១៖ ផ្តល់ពត៌មានអំពីការរាតត្បាតជំងឺអេបូឡា នៅប្រទេសកុងហ្គោ ដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត និងក្រុមមន្រ្តី ឆ្លើយតបបន្ទាន់ទូទាំងប្រទេស
២៖ ណែនាំដល់មន្រ្តីចត្តាឡីស័ក ដែលបម្រើការងារតាមព្រំដែន គោក ទឹក និងអាកាសយាន្តដ្ឋាន ស្តីពីការតាមដានសុខភាពអ្នកដំណើរទាំងអស់ ជាពិសេសអ្នកដំណើរមកពីទ្វីបអាហ្រ្វិក និងអនុវត្តតាមវិធានការបង្ការ និងឆ្លើយតបជំងឺអេបូឡាដែលមានស្រាប់
៣៖បានធ្វើការចែកចាយសម្ភារៈអប់រំ ស្តីពីវិធានការបង្ការ និងឆ្លើយតបជំងឺអេបូឡា ដល់មន្រ្តីឆ្លើយតបបន្ទាន់ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយបន្ត។
ក្រសួងសុខាភិបាល នឹងបន្តជូនដំណឹងដល់សាធារណៈជនអំពីការវិវត្តិ នៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh និង Page Facebook ឈ្មោះ «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង»៕