(មណ្ឌលគិរី)៖ ប្តីប្រពន្ធ២នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យស្លាប់ប្តីនៅនិងកន្លែង រីឯប្រពន្ធរបួសធ្ងន់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ76A ភ្នំបាយឆៅ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅរសៀលថ្ងៃនេះ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យមន្រ្តីនគរបាលខេត្ត និងខាងនគរបាលការិយាល័យចរាចរណ៍ ធ្វើយ៉ាងណាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រកឲ្យឃើញរថយន្តបង្ក យកមកចាត់ការតាមនីតិវិធី ចៀសវាងការស្រាវជ្រាវលំៗ។
នៅរសៀលថ្ងៃនេះដដែល លោក ចាន់ ទិត នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា លោកមិនទាន់រកឃើញរថយន្តបង្កនៅឡើយទេ ព្រោះខាងជំនាញកំពុងធ្វើកោសល្យវិច័យ។
បើតាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បានធ្វើដំណើរចេញពីក្នុងស្រុកពេជ្រាដា ក្នុងគោលបំណងទៅស្រុកកោះញែក ដោយជិះម៉តូម៉ាកស៉ីរ៉ូស ពណ៌ស ពុំមានពាក់ស្លាកលេខ ពេលជិះជិតមកដល់កន្លែងកើតហេតុ មានថយន្តយីឌុបមកពីក្រោយដោយទៅផ្លូវស្របគ្នា ដល់ចំណុចកើតហេតុ បានបុកពួកគាត់ចំពីក្រោយ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាំង សារុន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈស្រ្តីរងគ្រោះដែលជាប្រពន្ធសព្វ ឈ្មោះ កង សំអៀន រងរបួសចំមុខ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ក្រុងសែនមនោរម្យ។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ច យកទៅរក្សាទុកនៅវត្តសែនមនោរម្យដើម្បីរង់ចាំបងប្អូន មកយកទៅធ្វើបុណ្យតាមប្រពៃណី។ ទោះបីយ៉ាងណា គេរង់ចាំមើលថា តើករណីដ៏រន្ធត់មួយនេះ ខាងនគរបាលជំនាញការិយាល័យចរាចរណ៍ខេត្ត មានសមត្ថភាពរករថយន្តបង្កឃើញឬទេ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសាររងគ្រោះ។ ទាំងជនរងគ្រោះ និងគ្រួសារ ទទូចស្នើរឲ្យមន្រ្តីនគរបាលជំនាញ មេត្តាធ្វើយ៉ាងណា ស្រាវជ្រាវករណីមួយនេះឲ្យបានហ្មត់ចត់បំផុតចៀសវាងការបិទបាំងការពិត៕