(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសចាត់បញ្ជូនសមាជិកសមាគម ប្រមាណជាង២,០០០នាក់ ចូលរួមសង្កេតការណ៍ បោះ ឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយពង្រាយគ្រប់ ខេត្ត-រាជធានី ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ជាលក្ខណៈចល័ត និងអចល័ត។
បើតាមសេចក្ដីថ្លែងការណ៍ របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការចូលរួមធ្វើជាអ្នកសង្កេតការណ៍ បោះឆ្នោតនេះ សមាគមមានគោលបំណង៣យ៉ាង រួមមាន៖
១៖ ចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
២៖ ចូលរួមធ្វើឲ្យប្រទេសយើងមានសុខសន្ដិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងសុខុមាភាពសង្គមជាតិទាំងមូល។
៣៖ តាមដាន បិរយាកាសនយោបាយ សកម្មភាពរបស់គណបក្សនយោបាយ និងសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា ការប្រកាសចូលរួមសង្កេតការណ៍ របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ធ្វើឡើងស្របពេលដែលអង្គការ Necfec និង អង្គការ Comfrel ប្រកាសថា ខ្លួននឹងមិនចូលរួម សង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។
គ.ជ.ប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ ក៏បានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោត ចំនួន២,១៧៨នាក់ ដែលមកពីស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខណៈដែលអ្នកសង្កេតការណ៍១,៥៧៤នាក់ផ្សេងទៀត កំពុងតែត្រួតពិនិត្យ៕
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា៖