(ព្រះវិហារ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាអភិរក្សព្រៃ និងសត្វនៅឧទ្យាន «រាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប» ដើម្បីទុកជាមរតកដល់មនុស្សជំនាញក្រោយ ព្រោះសត្វព្រៃខ្លះជិតផុតពូជអស់ទៅហើយ ដូច្នេះច្បាស់ណាស់គឺត្រូវតែរួមគ្នាការពារ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃធ្វើនៅតែលើក្រដាស មិនទាន់គ្រប់គ្រាន់នោះទេ តែត្រូវចុះធ្វើសកម្មភាពជាក់ស្តែង ខណៈសម្ដេចថា នៅរយៈពេលប្រមាណ៥ឆ្នាំក្រោយ តំបន់ឧទ្យានរាជបណ្ឌិត្យសភានេះ អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះអ្នកទេសចរចង់ដើរមើលព្រៃ និងសត្វ។
ការមានប្រសាសន៍យ៉ាងដូច្នេះរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹប» ដែលមានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា នៅទីនេះយើងមិនត្រឹមតែការពារកុំឲ្យបាត់បង់នោះទេ ប៉ុន្ដែត្រូវធ្វើឲ្យដើមឈើនៅទីនេះរីកលូតលាស់ សម្រាប់ជំនាន់ក្រោយ ហើយសត្វព្រៃទាំងឡាយដែលបាត់បង់ទីជម្រកពីកន្លែងផ្សេង ក៏បានមកនៅទីនេះដើម្បីក្លាយទៅជាមរតក ព្រោះសត្វខ្លះវាជិតផុតពូជទៅហើយ បន្ថែមទៅដោយការកាប់ព្រៃទន្ទ្រានយកដីបង្កបង្កើនផល ហើយគ្មានកន្លែងសម្រាប់ឲ្យសត្វជ្រកកោនទៀតទេ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា អ្នកជំនាន់មុនបានធ្វើការងារសម្រាប់អ្នកបច្ចុប្បន្ន តែអ្នកជំនាន់មុនក៏បានធ្វើសកម្មភាពមួយចំនួន នាំឲ្យមានមហន្តរាយ សម្រាប់សង្គមជាតិផងដែរ ដូចជាការបង្កនូវភ្លើងសង្គ្រាម តែការដាំដើមឈើ និងអភិរក្សសត្វព្រៃនៅឧទ្យានរាជបណ្ឌិត្យសភានៅថ្ងៃនេះ គឺដើម្បីជាមរតកដល់មនុស្សជំនាន់ក្រោយ។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានឲ្យក្រសួងកសិកម្ម និងមន្រ្តីសុរិយោដីតាមបណ្តាខេត្ត ត្រូវសិក្សាថា តើដីណាខ្លះត្រូវទុកជាតំបន់គម្របព្រៃឈើ ដែលត្រូវទុកការពារ ហើយដីតំបន់ណាខ្លះ ដែលអាចក្លាយទៅជាសម្បទានសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផល ដោយមិនត្រូវបណ្តែតបណ្តោយទុកឲ្យប្រជាពលរដ្ឋ ចូលកាប់ទន្ទ្រានយកដីទៀតនោះទេ។
យ៉ាងណាមិញ សម្ដេចបញ្ជាឲ្យក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ចូលរួមសិក្សាស្រាវជ្រាវលើការចិញ្ចឹមគោយកទឹកដោះ និងចិញ្ចឹមគោយកសាច់ ដែលរាជបណ្ឌិត្យសភាកំពុងអនុវត្តន៍ នៅឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប៕