(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសទទួលស្គាល់ និងចុះបញ្ជីជូនគណបក្សនយោបាយចំនួន ២ទៀត ក្នុងនោះមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នាំឲ្យចំនួនគណបក្សដែល គ.ជ.ប បានចុះបញ្ជីរួចបានកើនដល់ ១០គណបក្សហើយ នេះបើយោងតាមលោក ឌឹម សុវណ្ណរុំ សមាជិកនិងជាអ្នកនាំពាក្យគជប​។

គណបក្សនយោបាយទាំង១០ ដែល គ.ជ.ប បានចុះបញ្ជីរួចនោះ រួមមាន៖
* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
* គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
* គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
* គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
* គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
* គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
* គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
* គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
* គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
* គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

គ.ជ.ប បានបញ្ជាក់ទៀតថា នារសៀលថ្ងៃទី១៨នេះ ខ្លួននឹងទទួលស្គាល់គណបក្សនយោបាយដទៃទៀតផងដែរ ខណៈគណបក្សនយោបាយដែល គ.ជ.ប មិនទាន់ទទួលស្គាល់ និងចុះបញ្ជីជូននោះនៅសល់ ១០គណបក្សទៀត។

សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែងមានរហូតដល់ទៅ ២០គណបក្ស៕