(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោក ទិត្យ សុខហ៊ីម អនុប្រធានសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព ដែលអាជីវករដាក់តាំងលក់នៅតាមតូប និងតាមផ្សារនៅខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមថែរក្សាសុខភាព ប្រជាពលរដ្ឋគ្រប់រូប ក្នុងខេត្តប៉ៃលិន ដោយរកឃើញទំនិញ ដែលហួសសុពលភាពប្រើប្រាស់ជាច្រើនមុខ។
លោក ទិត្យ សុខហ៊ីម បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ថ្ងៃនេះកម្លាំងមន្ត្រីជំនាញរបស់កាំកុងត្រូលរបស់លោក បានសហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យផលិតផល តូបលក់ទំនិញ ក្នុងផ្សារពោធិ៍ចិនតុង, ម៉ាតស្ថានីយ៍តេលា, ផ្លូវសហព័ន្ធរុស្ស៊ី, ម៉ាតស្ថានីយ៍តូតាល់ផ្លូវសហព័ន្ធរុស្ស៊ី។
លោកបន្តថា «មន្រ្តីយើងបានធ្វើការពិនិត្យលើមុខទំនិញ ម្ហូបអាហាររួមមានទំនិញវេចខ្ចប់ គ្រឿងកំប៉ុង ត្រីខកំប៉ុង នំ មីកញ្ចប់ និងភេសជ្ជៈចំរុះ ជាលទ្ធផលមិនមានទំនិញខុសប្រក្រតីឡើយ»។
លោកអនុប្រធានសាខាកាំកុងត្រូលបានបន្តថា បន្ទាប់ពីសមត្ថកិច្ចជំនាញ និងកម្លាំងចម្រុះបានត្រួតពិនិត្យ ក្នុងនោះបានធ្វើការអប់រំណែនាំ ដល់អាជីវករ ឲ្យចេះមើលពីកាលបរិច្ឆេទ និងការទុកដាក់ ឲ្យមានអនាម័យ ហើយគិតមកដល់ពេលនេះក្រុមអាជីវករ និងមហាជន មានការយល់ដឹងយល់ច្រើនជាងមុន។
ទន្ទឹមគ្នានេះដែរ ប្រជាពលរដ្ឋក៏ដូចជា ក្រុមអាជីវករភាគច្រើន បានសម្តែងការសាទរ ចំពោះមន្ត្រីជំនាញសាខាកាំកុងត្រូល ដែលតែងតែចុះត្រួតពិនិត្យទំនិញ នៅតាមផ្សារនីមួយៗ និងនៅតាមតូបដែលទង្វើនេះជាការ គិតគូរពីសុខទុក្ខ និងសុខុមាភាពរបស់ប្រជាពលរដ្ឋផងដែរ៕