Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បញ្ជាក់បន្ថែមករណីពុលនៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់១៣នាក់ និងធ្លាក់ខ្លួនឈឺជិត៣០០នាក់ ផ្ដើមចេញពីអាជីវកម្មរុករករ៉ែ (Video inside)

18-05-2018 12:49

(ភ្នំពេញ)៖ ករណីពុលស្រា និងពុលទឹកនៅឃុំកន្ទូត ស្រុកឆ្លូង ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ ដែលបណ្ដាលឲ្យអ្នកភូមិស្លាប់ចំនួន១៣នាក់ និងធ្លាក់ខ្លួនឈឺជិត៣០០នាក់នោះ ត្រូវបានក្រសួង និងមន្ទីរជំនាញផ្សេងៗ បានបង្ហាញពីលទ្ធផល នៃការធ្វើពិសោធន៍សំណាក ហើយក៏បានចេញផ្សព្វផ្សាយជាសាធារណៈផងដែរ ប៉ុន្ដែលទ្ធផលទាំងនោះ មិនទាន់បានបញ្ជាក់ពាក់ព័ន្ធខ្លាំង ជាមួយមូលហេតុមកពីការធ្វើអាជីវកម្មរ៉ែនោះឡើយ ទើបតែនៅពេលនេះ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ប្រាប់អ្នកអ្នកកាសែត ពីមូលហេតុបន្ថែមដែលបណ្ដាលឲ្យមានករណីពុល។

លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងច្បាស់ថា ករណីពុលខាងលើនេះ ក្រៅពីការពុលស្រា ដែលមានជាតិមេតាណុលខ្ពស់ មន្ដ្រីជំនាញរបស់លោកក៏ បានរកឃើញ មូលហេតុមួយទៀត​ដែលនាំឲ្យពុលគឺ ផ្ដើមចេញពីអាជីវកម្មរុករករ៉ែ នៅប៉ែកខាងលើព្រែកទេ ព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដែលមានសារធាតុម្យ៉ាង គឺ «ហ្សានីត»។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះបន្ទោសថា សារជាតិក្រូមបណ្ដាលមកពីអ្នកប្រើថ្នាំសម្លាប់ស្មៅ នៅក្នុងកសិដ្ឋានផ្នែកខាងលើព្រែកទេ ដូច្នេះនៅពេលភ្លៀង អាជាតិក្រូមហូរចូលព្រែក ប៉ុន្ដែថ្នាំសម្លាប់ស្មៅនេះ អត់មានជាតិ«ហ្សានីត»ទេ ហើយយើងទៅស្រាវជ្រាវពីជាតិ «ហ្សានីត» សម្រាប់លាងមាសឲ្យស្អាត អញ្ចឹងយើងឡើងទៅលើរហូតជិតដល់ខេត្តមណ្ឌលគិរី ហើយយើងបានឃើញកន្លែងមួយចំនួន ធ្វើរ៉ែមាស ទាំងមានអាជ្ញាប័ណ្ណ ទាំងមិនមានអាជ្ញាប័ណ្ណ ហើយឃើញទាំង​ «ហ្សានីត» នៅទីនោះទេ។ ពួកនេះប្រើហើយអត់មានប្រព័ន្ធការពារអីទេ ដល់ពេលភ្លៀងមក អាអាងដែលស្ដុកជាតិ «ហ្សានីត» អត់នៅហ្នឹង ចឹងភ្លៀងមកអាជាតិ «ហ្សានីត» ហូរមកចូលដល់ព្រែក បណ្ដាលឲ្យពុល»។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាឲ្យមន្ដ្រីជំនាញ និងរដ្ឋាករទឹកទាំងអស់ បូកទាំងរាជធានីភ្នំពេញផងដែរ ត្រួតពិនិត្យឡើងវិញ ជាតិពុលរបស់ «ហ្សានីត» ចូលមកទន្លេមេគង្គ ប៉ុន្ដែសំណាងល្អដោយទន្លេមេគង្គធំ​ ជាតិ «ហ្សានីត» នេះ ត្រូវបានបន្សាបនៅពេលដែលវាហូរចូល។

បើតាមលោកទេសរដ្ឋមន្ដ្រី ចំពោះអាជីវកម្មរុករករ៉ែមាស នឹងត្រូវរាជរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញ ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានករណីនេះកើតឡើងបន្ដទៀត

សូមបញ្ជាក់ថា ហេតុការណ៍ពុលនេះ បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ​ដោយប្រជាពលរដ្ឋរងគ្រោះ មានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម​ រហូតបណ្តាលឲ្យស្លាប់១៣នាក់ និងធ្លាក់ខ្លួនឈឺជិត៣០០នាក់៕