(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសាងសង់ អស់រយៈពេលប្រមាណជាង៧ខែមកនោះ ស្ពានថ្មើរជើងលើអាកាសនៅរង្វង់មូលនាងគង្ហីង នឹងបន្តការដំឡើងគ្រោងដែកកាត់ទទឹងផ្លូវនៅយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះទៀត។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ដើម្បីរក្សាសុវត្ថិភាព ដល់អ្នកដំណើរសាលារាជធានីភ្នំពេញ នឹងបិទកំណាត់វិថីហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយ៍ប្រេងកាល់តិច ក្នុងពេលដំឡើងគ្រោងដែកកាត់ទទឹងផ្លូវមួយនេះ ដែលនឹងធ្វើឡើងនៅម៉ោង ២១៖០០នាទីយប់នេះ ដល់ម៉ោង៥៖០០នាទីទៀបភ្លឺ។
ក្នុងពេលដំណើរការដ្ឋានដំឡើងគ្រោងដែកកាត់ទទឹងផ្លូវនេះ សាលារាជធានីភ្នំពេញ បានស្នើសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ៣លានដុល្លារអាមេរិក។
ស្ពាននេះសាងសង់ឡើង ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានា នៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះត្រូវបានចាក់សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ៕