(ព្រះវិហារ)៖ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៨នេះ សត្វគោរបស់ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំនួន២០ក្បាល បានងាប់ ដោយសារបាតុភូតធម្មជាតិរន្ទះបាញ់។
លោកវរសេនីយ៍ទោ តៀម សង្គ្រាម អធិការនគរបាលស្រុកជ័យសែន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះថា កាលពីវេលម៉ោង១១៖០០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សត្វគោប្រជាពលរដ្ឋចំនួន ១៣ក្បាលត្រូវបានរន្ទះបាញ់ងាប់ ស្ថិតក្នុងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោកបន្តទៀតថា ក្រៅពីសត្វគោទាំង ១៣ក្បាលដែលងាប់ដោយសាររន្ទះបាញ់នោះ គឺពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយសត្វគោទាំង១៣ក្បាលនោះ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ៤ម្ចាស់ផងដែរ។
ដោយឡែកនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ សត្វគោប្រជាពលរដ្ឋចំនួន ៦ក្បាលក៍ត្រូវបានរន្ទះបាញ់ងាប់ផងដែរ ស្របពេលដែលម្ចាស់កំពុងតែដេញមកពីស្រែ ពេលមេឃកំពង់ភ្លៀងផ្គរ។
ករណីនេះសូមប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះខ្លួនឯង ទ្រព្យសម្បតិ សត្វគោក្របី នៅពេលដែលផ្ទៃមេឃមានសភាពខ្មៅ ផ្គររន្ទះម្តងៗ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ក៏មានករណីរន្ទះបាញ់ ស្លាប់មនុស្សចំនួន៥នាក់ ក្នុងនោះមានស្ត្រីចំនួន២នាក់ផងដែរ នៅចំណុចអូរទាពង ស្ថិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង៕