(ព្រៃវែង)៖ អតីតយុទ្ធជនក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង បានប្រកាសទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ នៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយប្ដេជ្ញាបន្ដបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជាគ្រប់អាណត្តិ និងមិនជឿតាមការញុះញង់របស់ក្រុម ឬបុគ្គលមួយចំនួនដែលមិនឲ្យទៅបោះឆ្នោតនោះទេ។
ការប្រកាសយ៉ាងដូច្នេះរបស់អតីតយុទ្ធជន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាស លោក ស្តើង សុខុម ប្រធានស្តីទីក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ អញ្ជើញពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ចំនួន១៨៣នាក់។
ថ្លែងក្នុងឱកាសនោះ លោក ស្ដើង សុខុម បានជម្រាបជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនទាំងអស់ផងដែរ។
លោកប្រធានស្តីទីក្រុមការងារ ក៏បានគូសបញ្ជាក់នូវសភាពការណ៍នយោបាយថ្មីៗមួយចំនួន ជូនដល់អង្គពិធីផងដែរ មានជាអាទិ៍ថា ការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគោរពរដ្ឋធម្មនុញ្ញ ដោយត្រូវរៀបចំការបោះឆ្នោតសកលជាទៀងទាត់ ប្រកបដោយភាពត្រឹមត្រូវប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ សកម្មណាមួយដែលរារាំងពលរដ្ឋ មិនឲ្យប្រើសិទ្ធរបស់ខ្លួន (មិនឲ្យទៅបោះឆ្នោត) គឺជាការរំលោភរដ្ឋធម្មនុញ គឺជាចេតនាអាក្រក់ប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
លោកក៏បានស្នើរឲ្យបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ទាំងអស់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា កុំចាញ់បោកការឃោសនាអគតិរបស់ពួកប្រឆាំង ជាពិសេស គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។
លោក ស្តើង សុខុម បានបញ្ជាក់នូវការគោរពដឹងគុណប្រកបដោយកតញ្ញូតាធម៌ ព្រមទាំងសូមជូនពរសុខភាពល្អ ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលបានលះបង់អាយុជីវិត កាយសម្បទា សុភមង្គលផ្ទាល់ខ្លួនចំពោះជាតិមាតុភូមិ និងប្រជាជនដោយបាននាំមកនូវសុខ សន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនរហូតដល់សព្វថ្ងៃ។
បន្ថែមពីនេះ លោក ក៏បានផ្តល់ជូនថវិការបស់សម្តេចក្រឡាហោម ស ខេង ជូនដល់អតីតយុទ្ធជនសរុបចំនួន១៨៣នាក់ ដោយម្នាក់ៗទទួល បាន៥០,០០០រៀលផងដែរ៕