(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់ និងឆែកឆេរនៅក្នុងរថយន្តក្រុងមួយគ្រឿង និងរថយន្តដឹកទំនិញមួយគ្រឿងទៀតដែលសង្ស័យថា លួចដឹកសាច់សត្វខូចគុណភាព និងចំណីសត្វគោ ក្របីដែលនាំចូលពី ប្រទេសថៃ ដោយរឹបអូសបានជាង១០០០គីឡូ។ ប្រតិបត្តិការនេះគឺធ្វើឡើងនៅតាមបណ្តោយផ្លូវលេខ៣៨៤ កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបនេះ។
លោកឧត្តមសេនីយ៍ផ្កាយ៣ ចាន់ វ៉ាន់ធឿន បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់រថយន្តក្រុងមួយគ្រឿង ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ3C-7077 ដែលជារបស់ក្រុមហ៊ុនឯកជន និងរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ហើយកម្លាំងសមត្ថកិច្ចចម្រុះយើង បានធ្វើការឆែកឆេររកឃើញសាច់សត្វខូចគុណភាព និងចំណីសត្វដែលសង្ស័យថានាំចូលខុសច្បាប់ពីប្រទេសថៃ ដែលបច្ចុប្បន្នកំពុងធ្វើការត្រួតពិនិត្យបន្ត។តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ចំណីសត្វដែលឈ្មួញលួចនាំចូលខុសច្បាប់នេះ គឺ
មានទម្ងន់រាប់តោនឯណោះ តែតួលេខពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ។
ក្រោយពីធ្វើការឆែកឆេររួចមក កម្លាំងសមត្ថកិច្ចចម្រុះ បានហៅម្ចាស់រថយន្ត និងតំណាងក្រុមហ៊ុន យកទៅធ្វើការសាកសួរនៅនាយកដ្ឋាន និងបន្តនីតិវិធីច្បាប់ ហើយសាច់សត្វដែលខូចគុណភាព ត្រូវបានសមត្ថកិច្ចនាំយកទៅដុតកំទេចចោលភ្លាមៗផងដែរ៕