(រតនគិរី)៖ យោងតាមរបាយការណ៍របស់អភិបាលស្រុកវ៉ើនសៃ បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន៤នាក់ បានបូមទឹកទន្លេសេសាន្តយកមកប្រើប្រាស់ ស្រាប់តែមានរមាស់ចេញកន្ទួលក្រហម តាមច្រវែបដៃខុសធម្មតា។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។
របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះបន្តថា អ្នកទាំង៤នាក់ដែលរងគ្រោះរួមមាន៖ ទី១-ឈ្មោះ ស៊ី ចាន់អាំង ភេទប្រុសអាយុ៦៨ឆ្នាំ មានទីលំនៅភូមិវ៉ើនសៃ, ទី២-ឈ្មោះ ខាំ ផន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិកាឡាន់, ទី៣-ឈ្មោះ ផន ឡៃ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិកាឡាន់ និងទី៤-ឈ្មោះ ម៉ុន ឡយ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកាឡាន់ (អ្នកទាំង៤នាក់នេះនៅស្រុកវ៉ើនសៃដូចគ្នា)។
បច្ចុប្បន្នអាការៈនេះ បានឈប់រមាស់ហើយ ដោយអ្នកទាំង៤នាក់នោះ បានយកក្រូចឆ្មាមកដុះលាបកន្លែងរមាស់។ បើតាមការសន្និដ្ឋានក្រុមការងារជាបឋមថា ការកើតមានកន្ទួលរមាស់លើរាងកាយនោះ ពុំមែនដោយសារទឹកទេ។
ក្រុមការងារបានឲ្យដឹងទៀតថា របាយការណ៍ជាក់លាក់រងចាំវិភាគ បន្ទាប់ពីលទ្ធផលចេញជាផ្លូវការ ពីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តរតនគិរីសិន។ ដោយឡែក លោកវេជ្ជបណ្ឌិតអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះថា រូបគាត់មិនទាន់ទទួលព័ត៌មានខាងលើនៅឡើយ៕