(ភ្នំពេញ)៖ វេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទ «ការចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍវិស័យទសចរណ៍នៅលើផ្លូវសូត្រ» ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅសណ្ឋាគាររ៉េស៊ីដង់សុខា បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងលទ្ធផលត្រចះត្រចង់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
វេទិកាកំពូលនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ទូ ជាំង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងវប្បធម៌ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
លោក ថោង ខុន បានថ្លែងក្នុងពិធីបើកវេទិកាថា «កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ»។
លោកថា វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។
ជាក់ស្តែង នៅឆ្នាំ២០១៧ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ១១.៨% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួនជាង ១.៧លាននាក់ កើនឡើង ១៣.៩% ក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ៥០៥,៩៤០នាក់ កើនឡើង ៨៥.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
លោកបន្តថា តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារប្រមាណ ២លាននាក់។
ឈរលើមូលដ្ឋាននៃកំណើននេះ ក៏ទាមទារឱ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់ ពិសេសត្រូវមានផែនការយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរណ៍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងយកចិត្តទុកដាក់លើទីផ្សារទេសចរណ៍ចិន ពិសេសការបង្កើតផលិផលទេសចរថ្មី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ (ក្នុងនោះការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញ ជាស្នូលសំខាន់) និងការផ្សព្វផ្សាយជាដើម។
លោកបញ្ជាក់ថា អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើនយ៉ាងគំហុក នៃលំហូរទេសចរចេញក្រៅរបស់ភ្ញៀវទេសចរចិន ក្នុងបរិបទនៃកំណើនទេសចរណ៍ជារួមរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសកលលោក។ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យទេសចរណ៍អាស៊ាន ក៏ដូចជាកម្ពុជា បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារដ៏សំខាន់បំផុត។
លោក ទូ ជាំង បានឲ្យដឹងថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតចំណងការទូតចិន-កម្ពុជា។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ត្រូវបានពង្រឹងពង្រីកជាលំដាប់។
ឈរលើស្មារតីនេះ កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍រវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកលើគ្រប់ទិដ្ឋភាព ស្របជាមួយនឹងឆ្នាំ២០១៨ ជាឆ្នាំនៃការប្រារព្ធខួបលើកទី៦០ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលត្រូវបានស្វាគមន៍ដោយប្រមុខដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមក។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ស្ថិតនៅក្នុងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើមវិសេសវិសាលបំផុតរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ វិស័យទេសចរណ៍ ជាការផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» ធ្វើឲ្យប្រជាជនទាំងពីរកាន់តែយោគយល់គ្នា ស្រឡាញ់គ្នា និងទៅមករកគ្នា និងបើកចំហឱ្យកាន់តែទូលំទូលាយថែមទៀត ផ្តើមចេញពីផ្លែផ្កានៃការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍។
លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា នៅកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ និងការអភិវឌ្ឍលើគ្រប់វិស័យ គឺដោយសារមានសន្ដិភាពពេញលេញ សន្ដិសុខសង្គម ស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យនយោបាយដ៏ជ្រាលជ្រៅ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើអត់មានសន្ដិភាពពេញលេញ និងស្ថិរភាពនយោបាយទេ ពុំអាចមានវិបុលភាពលើវិស័យនានា ក៏ដូចជាវិស័យទេសចរណ៍ដូចសព្វថ្ងៃនេះទេ។
បន្ទាប់ពីការប្រគល់ផែនមេទេសចរណ៍ទីក្រុងសៀមរាប ជូនដល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រួចមក វេទិកាបានបន្តការងាររបស់ខ្លួននដោយមានវាគ្មិនជាច្រើនទាំង ផ្នែកសាធារណៈ និងផ្នែកឯកជន ពាក់ព័ន្ធនៃភាគីចិន និងកម្ពុជាផ្លាស់ប្តូរគ្នាឡើងធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងបទពិសោធន៍យ៉ាងផុលផុស សំដៅគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រត្តិបត្តិការ និងការទាក់ទាញទេសចរចិន និងទេសចរកម្ពុជាទៅមកឲ្យបានច្រើន និងរលូនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
បន្ទាប់មក នៅពេលរាត្រីមានពិធីលៀងសាយភោជន៍ ដោយមានការប្រគុំតន្ត្រី និងទស្សនីយភាពសិល្បៈចិន កម្ពុជា ដែលរៀបចំឡើងដោយភាគីទាំងពីរ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕