(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ការបិទវគ្គនេះបានធ្វើឡើង នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឍមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក់សំណល់សង្គ្រាម រួមជាមួយគ្រូឧទ្ទេសនាម នាយទាហាន ពលទាហាន កងរាជអាវុធហត្ថដែលជាសិក្ខាកាមទើបបញ្ចប់វគ្គសិក្សាយ៉ាងច្រើនផងដែរ។
តាមរបាយការណ៍ បានបង្ហាញថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមចំនួន៣៣រូប ក្នុងនោះមានសិក្ខាកាមជានារី ចំនួន១០រូប ក្នុងនោះមកពីមជ្ឈមណ្ឌលជាតិចំនួន២៤រូប កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៨រូប និងកងយោធពលខេមរភូមិចំនួន១រូប។
សូមជម្រាបថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ កម្ពុជា បានបញ្ចូនកម្លាំងជាកងរាជអាវុធហត្ថបានចំនួន ៧លើក ហើយបញ្ជូនទៅប្រទេសស៊ូដង់ខាងត្បូង៕