(ព្រះវិហារ)៖ នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយព្រះរាជក្រិត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ បើគិតមកដល់ពេលនេះ ឧទ្យានមានអាយុកាលជាង៤ឆ្នាំហើយ។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើនរួមមាន៖ ធនធានព្រៃឈើ សត្វព្រៃកេរដំណែលប្រវត្តិសាស្ត្របុរាណវត្ថុ និងជាតិពន្ធុ ដែលអាចបំរើឲ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៍ ប្រវត្តិសាស្រ្តនិងទេសចរណ៍យ៉ាងប្រសើរ។
លោក សុខ ទូច បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវថ្មីៗរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតសភាកម្ពុជា និងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរកឃើញនូវស្ថានីយ៍បុរាណវត្ថុក្នុងទីតាំងឧទ្យានមានចំនួន ១២៤ទីតាំង ដែលក្នុងនោះមានស្ថានីយឡស្លដែកចំនួន៤៣ ស្ថានីយត្រពាំងសន្លុងចំនួន១៧ និងស្ថានីយត្រពាំងបុរាណចំនួន៦៤។
ក្រៅពីធនធានវប្បធម៌ដូចបានរៀបរាប់ខាងលើនៅមានធនធានធម្មជាតិសំខាន់ៗមួយចំនួនទៀត រួមមានព្រៃឈើ និងសត្វព្រៃជាច្រើនប្រភេទ ដែលបានរស់នៅក្នុងបរិវេណតំបន់ ឧទ្យាននេះ ដែលក្នុងនោះមានប្រភេទសត្វខ្លះ ត្រូវបានចាត់ទុកជាប្រភេទសត្វកម្ររ និងស្ទើផុតពូជថែមទៀតផង ដូចជា ទន្សោង គ្រាល ត្មាត ត្រយងយក្សជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនធានវប្បធម៌ និងធនធាននៅក្នុងឧទ្យាន បានរងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ដោយសារការកាប់ទន្ទ្រានព្រៃយកដី កាប់ឈើដុតព្រៃ និងដាក់អន្ទាក់ចាប់សត្វជាដើម បានធ្វើឲ្យបាត់បង់ធនធានទាំងនោះជាបណ្តើរៗ គួរឲ្យសោកស្តាយជាទីបំផុត។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ក៏បានបង្ហាញពីចក្ខុវិស័យក្នុងការប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ទៅជាឧទ្យានសម្រាប់ការសិក្សាស្រាវជ្រាវដោយយកទ្រឹស្តី ផ្សារភ្ជាប់ការអនុវត្ត, ឲ្យទៅជាគម្របព្រៃឈើដែលមានពូជឈើគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន ១លានដើម, ប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍៣ ប្រភេទ គឺទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៍ និងទេសចរណ៍ សិប្បនិម្មិត។
រាជបណ្ឌិត្យសភាកម្ពុជា ក៏ចង់ប្រែក្លាយឧទ្យាននេះ ទៅជាតំបន់ទេសចរណ៍កសាង ផលិតឯកសារ ដែលបានមកពីការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ដោយសរសេរជាសៀវភៅ និងផលិតវីដេអូ ដើម្បីផ្តល់ជាមេរៀន និថវិធីសាស្ត្រងាយៗ ជូនដល់ប្រជាកសិករ យកទៅអនុវត្តដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួននិង ដើម្បីរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ទៅជាប្រទេសមានចំនូលខ្ពស់នៅឆ្នាំ២០៥០។
លើសពីនេះទៀត រាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងប្រែក្លាយឧទ្យាន ទៅជាសួនច្បាររបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងសម្រាប់ពិភពលោកទាំងមូល។ ជាពិសេសចង់ឲ្យឧទ្យាននេះទៅជាកន្លែងផ្តល់ការងារធ្វើជូនប្រជាជននៅក្នុងតំបន់ និងអ្នកសិក្សាស្រាវជ្រាវដែលមានទិសដៅដូចគ្នា។ នេះបើតាមការបញ្ជាក់របស់លោក សុខ ទូច។
បើតាមលោក សុខ ទូច ក្រោយពីរូបលោកបានក្លាយទៅជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបានបំពេញការងារមួយចំនួនធំ ដើម្បីធ្វើឲ្យឧទ្យាននេះ ក្លាយទៅគម្របព្រៃឈើ និងជាកន្លែងដកពិសោធន៍លើផ្នែកកសិកម្ម។
ការងារដែលលោក សុខ ទូច សម្រេចបានក្នុងរយៈពេលប្រមាណ ១០ខែមកនេះរួមមាន៖
* បញ្ចប់ទាំងស្រុងនូវការឈូសឆាយដី និងការដាំអំពៅរបស់ក្រុមហ៊ុនចិន សរុបចំនួន៨៥៥ហិកតា។
* បានសិក្សានិងរៀបចំធ្វើអត្តសញ្ញាណក្បាលដីរបស់ប្រជាពលរដ្ឋ ដែលមកកាន់កាប់ និងអាស្រ័យផលក្នងឧទ្យានតាំងពីមុន និងក្រោយការបង្កើតឧទ្យាន។ ក្នុងនោះមានដីលំនៅដ្ឋានចំនូន៣១ក្បាលដី ដែលមានផ្ទះ ២៣ខ្នង សរុប ១៦.៦ ហិកតា ដីកសិកម្មមានចំនួន២៨៤ក្បាលដីសរុប ៤៩៩.៤ហិកតា។
* បានទប់ស្កាត់ការកាប់ព្រៃរានយកដី ការកាប់ឈើ និងទប់ស្កាត់ការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃជាច្រើនករណី។
* បានជីក និងស្តារប្រឡាយស្រះធំៗចំនួន៣ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧត្តុនិយម។
* បានឈូសឆាយដី និងភ្ជួរដីចំនួន ៥០ហិកតា សម្រាប់ដាំកូនឈើ ដោយក្រុមការងារនាយឧត្តមសេនីយ៍ ខេង សាម៉េត ប្រធានក្រុមវិស្វកម្មសម្តេចតេជោ ប្រចាំទិសព្រះវិហារ
* បានសាងសង់ថ្នាលបណ្តុះកូនឈើមួយកន្លែងស្របតាមបទដ្ឋានបច្ចេកទេស មានទំហំ ៣០ម៉ែត្រ គុណ ៥០ម៉ែត្រ ដែលអាចបណ្តុះកូនឈើបានពី ៦ម៉ឺន ទៅ ៧ម៉ឺនដើម។
* បានសាងសង់ក្រោលគោទឹកដោះទំហំ ២៦ម៉ែត្រ គុណ ១០០ម៉ែត្រ តាមស្តង់ដារបច្ចេកទេស ដែលអាចដាក់គោបាន ១០០ក្បាល រៀបចំថ្នាល និងដាំស្មៅបានចំនួន ៥ហិកតា ដោយមានប្រព័ន្ធស្រោចស្រប។
* បានរៀបចំក្រោលទំហំមួយហិកតា សម្រាប់ដាក់ប្រើសចំនួន ៤ក្បាល និងជ្រូកព្រៃចំនួន ២ក្បាល។
* បានទទួលពូជស្មៅសម្រាប់ដាំសិក្សាពីសោធន៍ និងផ្តល់ចំណីគោ។
* បានបញ្ជូនមន្ត្រី និងបុគ្គលិកចំនួន ១០នាក់ ទៅសិក្សាវគ្គជំនាញរយៈពេល ១ខែ ស្តីពីការចិញ្ជឹមគោទឹកដោះសហគមន៍វ៉ាងណាំយិន ប្រទេសថៃ។
* បានទទួលកូនឈើជាបន្តបន្ទាប់ពីក្រសួង និងស្ថាប័ន ព្រមទាំងសប្បុរសជន សរុប ៩០,៥០០ដើម។
* បានទទួលគោសាច់ចំនួន ១២ក្បាល ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
* បានទទួលគោទឹកដោះចំនួន ៤ក្បាល ពីលោកស្រី អ៊ុក មាលី អគ្គទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និងចំនួន២ក្បាលពីលោក ផាន់ណារិទ្ធ។
* បានទទួលរថយន្តហ្សីបផលិតនៅកូរ៉េមួយគ្រឿង សម្រាប់ក្រុមការងារល្បាតឧទ្យាន ពីនាយឧត្តមសេនីយ៍ ចៅ ភិរុណ៕