(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចដាក់ឲ្យដំណើរការសាខាផ្ដល់លិខិតឆ្លងដែនធម្មតា គំរូថ្មីនៅតាមបណ្ដាខេត្តចំនួន៣ គឺខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖
«សាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង អាសយដ្ឋាននៅដីឡូតិ៍លេខ F29 ភូមិជំនីត ឃុំអន្លង់វិល ស្រុកសង្កែ, សាខាលិខិតឆ្លងដែនប្រចាំខេត្ដបន្ទាយមានជ័យ អាសយដ្ឋានផ្ទះលេខ៥២-៥៤ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងសាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុង អាសយដ្ឋានស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ»។
បន្ថែមពីនេះ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក៏បានបញ្ជាក់អំពី ការកែប្រែរយៈពេល នៃការផ្ដល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីផងដែរ ដោយសេវាឆាប់រហ័ស រយៈពេលមួយថ្ងៃ (តាមបណ្ដាខេត្ត៣ថ្ងៃ), សេវាឆាប់រហ័សកម្រិតធម្យម ប្ដូរពី១០ថ្ងៃ មកត្រឹម៧ថ្ងៃ, សេវាធម្មតា ប្ដូរពី២០ថ្ងៃ មកត្រឹម១៥ថ្ងៃ នៃថ្ងៃធ្វើការ៕