(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ប្រសិនបើម្ចាស់ក្រុមហ៊ុន មិនមានការយល់ដឹងអំពីការអនុវត្តន៍ប្រព័ន្ធម្ហូបអាហារមានសុវត្ថិភាពដូចជា ISO 22000 ឆ្នាំ 2005 - FSSC 22000 និងមិនបានស្វែងយល់អំពី(ស៥) និងមិនធ្វើបច្ចុប្បន្នភាពផលិតផលរបស់ខ្លួនទេ ក្រុមហ៊ុននោះគ្មានអនាគតរីកចម្រើន និងមិនអាចប្រកួតប្រជែងដណ្ដើមទីផ្សារ បានឡើយ។
លោកកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងក្នុងពិធីបើកសន្និសីទស្តីពី ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារកម្រិតខ្ពស់នៅកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៨ នេះថា សុខភាពប្រជាពលរដ្ឋ គឺជាគោលដៅមួយយ៉ាងសំខាន់ ក្នុងការទទួលយកប្រភេទអាហារដែលមានសុវត្ថិភាព ព្រោះប្រទេសមួយអាចរីកចម្រើនទៅបាន អាស្រ័យដោយប្រជាពលរដ្ឋមានសុខភាពល្អ កំលាំងរឹងមាំ ហើយត្រូវបរិភោគអាហារសម្បូរសារធាតុចិញ្ចឹម មានគុណភាព និងសុវត្ថិភាព ក្នុងនោះអាហារដែលមានសុវត្ថិភាព មិនមែនកើតឡើងដោយរឿងចៃដន្យនិងបន់ស្រន់ បួងសួង ឬការសុំពីនរណាម្នាក់នោះឡើយ។
លោកបន្តថា ប្រសិនបើម្ចាស់ក្រុមហ៊ុនមិនមានការយល់ដឹង តាមការណែនាំវិធីសាស្ត្រជម្រុញកំណើនផលិតភាព និងការអនុវត្តន៍ប្រព័ន្ធម្ហូបអាហារមានសុវត្ថិភាពដូចជា HECCP, GMP, ISO 22000 ឆ្នាំ2005, FSSC 22000, និងមិនបានស្វែងយល់អំពី (ស៥)គេហកិច្ចល្អ៥យ៉ាង ក្រុមហ៊ុននោះគ្មានអនាគតរីកចម្រើន និងគ្មានការប្រកួតប្រជែងដណ្តើមទីផ្សារបានឡើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុនធំៗខ្នាតអន្តរជាតិ អាចនឹងមកដណ្តើនទីផ្សារដែលយើងកំពុងមាន ដែលជាហេតុធ្វើឲ្យមានផលប៉ះពាលដល់ការរស់រាន្តមានជីវិត របស់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
លោកកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ថា ដើម្បីឈានទៅដល់ការផ្គង់ផ្គង់ម្ហូបអាហារប្រកបដោយសុវត្ថិភាព យើងត្រូវការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ដោយត្រូវ ចាប់ផ្តើមពីកសិដ្ឋាននៃការដាំដុះទៅតាមស្តង់ដារ អ្នកកែច្នៃ អ្នកកាន់ស្តុក កន្លែងផលិត គុណភាពនៃការផលិត ជាពិសេសត្រូវគិតគូរ ដល់បញ្ហាអនាម័យជាចម្បង និងការដឹកជញ្ជូនរហូតដល់អ្នកដែលទទួលទានអាហារចុងក្រោយ ពោលគឺភាគីពាក់ព័ន្ធទាំង អស់ខ្វះការប្រុងប្រយ័ត្នណាមួយ នឹងឈានទៅដល់ការបង្ករគ្រោះថ្នាក់ តាមរយៈការឆ្លងចំណីអាហារនេះ ជាមិនខាន៕