(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថានចំនួន៣ទៀត ដែលស្ថិតក្រោមឱវាទក្រសួងការងារ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យឆាងអាន ប្រទេសចិន ផ្តោតលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ។
វិទ្យាស្ថានទាំង៣ដែលស្ថិតក្រោមឱវាទក្រសួងការងារនោះ រួមមាន៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ។
មុននឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរដល់សាកលវិទ្យាល័យឆាងអាន ដែលបានទទួលស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញទៅទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យ នាពេលកន្លងមក។
ព្រមជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមួយនេះ ដែលស្របទៅនឹងគោលនយោបាយ ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោកថា តាមរយៈអនុស្សរណៈនេះ នឹងធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែមានភាពរឹងមាំយូរអង្វែងបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានបន្តថា យុទ្ធសាស្ត្ររបស់សាធារណរដ្ឋប្រជាមានិតចិន គឺការអភិវឌ្ឍធនធានមនុស្ស និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលវាពិតជាមានសារសំខាន់ណាស់ ដោយសារតែធនធានមនុស្សដ៏សម្បូរបែបនេះហើយ បានជាប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក។
លោក ចាង វ៉ី នាយករងនៃសាកលវិទ្យាល័យឆាងអាន ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង ដែលបានទទួលគណៈប្រតិភូសាកលវិទ្យាល័យរបស់លោក ហើយខាងសាកលវិទ្យាល័យនឹងបង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ឲ្យមានភាពកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា សាកលវិទ្យាល័យឆាងអាន ជាសាកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសចិន ជាពិសេសផ្នែកវិស្វកម្មសំណង់ សាងសង់ផ្លូវ និងការគ្រប់គ្រងគមនាគមន៍សាធារណៈ។ សាកលវិទ្យាល័យនេះ នឹងផ្តល់អាហារូបករណ៍មកដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:កម្ពុជា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ លើផ្នែកគ្រប់គ្រងសាធារណៈ ចំណែកអាហារូបករណ៍ដល់ត្រូវផ្តល់ជូនសាស្ត្រាចារ្យនៃវិទ្យាស្ថានទាំង៣ គឺអាស្រ័យទៅលើមុខជំនាញនីមួយៗ ដែលវិទ្យាស្ថានមានតម្រូវការ។
តាមរយៈកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យឆាងអាន នឹងមានកម្មវិធីបណ្តុះបណ្តាលមួយដែលទទួលបាននូវសញ្ញាបត្រ២ សញ្ញាបត្រនៅកម្ពុជាមួយ និងសញ្ញាបត្រនៅប្រទេសចិនមួយ ដែលនិស្សិតត្រូវរៀននៅកម្ពុជាចំនួន ២ឆ្នាំ និងនៅប្រទេសចិនចំនួន ២ឆ្នាំដែរ។ ក្រៅពីនេះ សាកលវិទ្យាល័យឆាងអាន នឹងផ្តល់គ្រឿងបរិក្ខារបច្ចេកទេសដល់វិទ្យាស្ថានទាំង៣ ដែលជាដៃគូររបស់សាកលវិទ្យាល័យផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យឆាងអាននឹងស្វែងរកនូវមូលនិធិ ក៏ដូចជាទុនវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសរបស់កម្ពុជា ឲ្យទៅជាសាកលវិទ្យាល័យពហុបច្ចេកទេសមួយ នាពេលខាងមុខ៕