(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ វគ្គជីវភាពនយោបាយតាមសាខាបក្សដល់ក្រុមការងារថ្នាក់កណ្តាល ខេត្ត និងប្រធានសាខាបក្សមូលដ្ឋាន ក្រុង-ស្រុក និងឃុំ-សង្កាត់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំដល់មន្រ្តីបន្តពីការងារចាំបាច់សម្រាប់ដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយក្រុមការងារទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋយើងឲ្យបានកាន់តែប្រសើរ ក្នុងនោះត្រូវពង្រឹងការងារផ្សព្វផ្សាយ ពីគោលនយោបាយផ្សេងៗ ដែលថ្នាក់លើបានដាក់ចុះឲ្យអនុវត្ត បម្រើប្រយោជន៍ ជូនប្រជាពលរដ្ឋយើងឲ្យបានទូលំទូលាយច្បាស់លាស់ ដើម្បីបង្ការ និងទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមានគំនិតប្រតិកិរិយាបង្កអសន្តិសុខក្នុងមូលដ្ឋានរបស់យើង។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្ស មាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្ស។
ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅបោះឆ្នោតដើម្បីធានាបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍ ឲ្យកាន់តែសម្បូរសប្បាយ ក្នុងមូលដ្ឋានបន្ថែមទៀត។
ចុងបញ្ចប់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឧបត្ថម្ភនូវថវិកា និងមធ្យោបាយជូន៖
ទី១៖ ផ្តល់ជូនគណបក្សខេត្តប្រេង៥០០០លីត្រ
ទី២៖ ផ្តល់ជូនទាំង៦៥ឃុំ-សង្កាត់ ក្នុង១ឃុំ-សង្កាត់ទទួលបានថវិកា១លានរៀល និងប្រេងម៉ាស៊ូត្រ២០០លីត្រ៕