(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធាគ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា គិលានុបដ្ឋាក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការមើលថែរក្សា និងផ្ដល់ប្រឹក្សាដល់អ្នកជំងឺ ដែលមិនអាចការខ្វះបានឡើយ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលអ្នកជំងឺរួចហើយនោះ ព្រោះគិលានុបដ្ឋាក ជាអ្នកដែលនៅក្បែរអ្នកជំងឺដិតដល់ជាងគេ ស្ទើរតែ២៤ម៉ោង ដូច្នេះគិលានុបដ្ឋាកត្រូវតែម៉ត់ចត់នឹងការងារ ដែលគ្រូពេទ្យដាក់ឲ្យ ពិសេសត្រូវតែមាននូវសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពជូនដល់អ្នកជំងឺ ។
លោកសាស្ដ្រាចារ្យ បានថ្លែងក្នុងឱការប្រារព្ធទិវា គិលានុបដ្ឋាកអន្ដរជាតិ ក្រោមប្រធានបទ «គិលានុបដ្ឋាក រួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល» នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នាទីស្ដីការក្រសួង ។
រដ្ឋលេខាធិការរូបនេះ បានថ្លែងទៀត «មកទល់នឹងពេលនេះ យើងមានគិលានុបដ្ឋាក ចំនួន១៥,០០០នាក់ ដែលចំនួននេះនៅតែមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ ពិសេសនៅតាមមណ្ឌលសុខភាព ដែលនៅដាច់ស្រយាលពីខេត្ដ ប៉ុន្ដែសម្រាប់នៅភ្នំពេញ គឺយើងមានចំនួនច្រើនហើយ ។ដូច្នេះ យើងចង់បានគិលានុបដ្ឋាកបន្ថែមទៀត ដើម្បីដាក់នៅទីតាំងផ្សេងទៀត ដែលស្ថិតនៅតាមតំបន់ព្រៃភ្នំ និងទីដាច់ស្រយាលឆ្ងាយៗនោះ» ។
លោកសាស្ដ្រាចារ្យបន្ថែមថា ទិវាគិលានុដ្ឋាកអន្ដរជាតិឆ្នាំ២០១៨នេះ ប្រារព្ធធ្វើឡើង គឺដើម្បីរម្លឹកពីតួនាទីសំខាន់ របស់គិលានុដ្ឋាក ដែលជាអ្នកថែទាំអ្នកជំងឺ ដែលមិនអាចខ្វះបាន និង ដើម្បីបង្ហាញពីការចូលរួមចំណែករបស់គិលានុដ្ឋាកនៅគ្រប់កម្រិត នៃប្រព័ន្ធសុខាភិបាល ដើម្បីផ្ដល់សេវាដែលមាន គុណភាព និងសុវត្ថិភាព ពិសេសការថែទាំ និងវិស័យសុខាភិបាលទាំងមូល គឺជាកម្លាំងចលកក្នុងការចូលរួមចំណែកលើកកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជា ៕