(បន្ទាយមានជ័យ)៖ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះថា ក្នុងអាណត្តិទី២នេះក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវនៅក្បែរជាមួយក្រុមហ៊ុនប្រមូលសំរាមជានិច្ច ព្រោះក្រុមហ៊ុនប្រមូលសំរាមហាក់បីជាមិនអើពើ និងបញ្ហាសំរាមរបស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនបានបង់ថវិកាមកក្រុមហ៊ុន ហើយបញ្ហាសំរាមនេះគឺទុកត្រឹមតែខែ៦ ដល់ខែ៧ប៉ុណ្ណោះ ចំណែការងារផ្សេងៗ រួមមានបញ្ហាប្រព័ន្ធលូ ផ្លូវថ្នល់ ផ្លូវបេតុង ផ្លូវគ្រួសម៉ិច និងបញ្ហាផ្សេងៗទុកឲ្យលោកផ្ទាល់តែម្តង តើក្រុងប៉ោយប៉ែតអាចស្អាតបានទេ ដូច្នេះមានតែប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ។
លោកអភិបាលក្រុងប៉ោយប៉ែតថ្លែងថា មេភូមិទាំងអស់ត្រូវពិនិត្យមើលរថយន្តដឹកដី រថយន្តផ្សេងៗទៀតដែលមានជាប់ដី ភក់ជាដើមត្រូវដេញចាប់ឲ្យអស់ ឲ្យខានតែបាន បើមានបញ្ហាអ្វីទុកឲ្យខ្ញុំផ្ទាល់ (អភិបាលក្រុង) ប្រសិនជាអស់លោកមេភូមិ លោកស្រីមេភូមិ មន្ត្រីរាជការក្រោមឱវ៉ាទធ្វើមិនបានទេ លើកដៃ សុំឈប់តែម្តងទៅ ទុកឲ្យអ្នកផ្សេងធ្វើម្តង កុំទុកឲ្យស្អុយបែបនេះ។
លោកអភិបាលក្រុងបានបញ្ជាក់ថា ហេតុអីបានជារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបង្កើតច្រកចេញចូលតែមួយធ្វើអ្វី? ការបង្កើតច្រកចេញចូលតែមួយគឺមានគោលបំណងលុបបំបាត់អំពើពុករលួយ ហើយឲ្យប្រជាពលរដ្ឋងាយស្រួលដឹងនូវបញ្ហាធ្វើឯកសារផ្សេងៗ និងតាមតម្លៃផ្សេងៗ បង់ថវិកាចូលរដ្ឋ។ លោកអភិបាលក្រុងប៉ោយប៉ែត បានសង្កត់ធ្ងន់ និងស្នើសុំឲ្យមន្រ្តីប្រឆាំងអំពើពុករលួយ និងអធិការកិច្ច ចុះពិនិត្យបញ្ហាសាលាក្រុងប៉ោយប៉ែត និងមន្ត្រីផ្សេងៗ តើមានអំពើពុករលួយនៅកន្លែងណាខ្លះ?
អភិបាលក្រុងប៉ោយប៉ែតបានបន្ថែមថា ប្រសិនជាមានអ្នកមិនពេញចិត្តបញ្ហាថាលោកអាក្រក់រឿងអ្វី លោកអ្នកអាចប្តឹងខ្ញុំទៅប្រឆាំងអំពើពុករលួយចុះ ដើម្បីដឹងថា អ្នកណាល្អ ឬអាក្រក់ ស្នើសុំឲ្យមន្ត្រីទាំងអស់ត្រូវបំពេញភាកិច្ចជាមន្ត្រីបំរើប្រជាពលរដ្ឋ ប្រសិនជាអស់លោកមិនពេញចិត្តទេ អាចស្នើសុំផ្លាស់ប្តូរកន្លែងធ្វើការងារបាន ទៅស្រុកផ្សេងបាន ស្រុកអូជ្រៅ ស្រុកម៉ាឡៃ ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកមង្គលបូរី ។
លោកសាន ស៊ានហូ ក៏បានប្រតិកម្មធ្ងន់ធ្ងន់ទៅលើជនអនាមឹក Facebook (យុវជនជាយដែន) ដែលបានបង្ហោះព័ត៌មាន ប៉ះពាល់ដល់មន្រ្តីដែលកំពុងមមារញឹកនឹងការផ្តល់សេវានៅច្រកចេញចូលតែមួយនឹងរដ្ឋបាលក្រុងផងដែរ ដោយលោកបានច្រានចោលទាំងស្រុងនូវការលើកឡើងរបស់ជនអនាមឹករូបនេះ នឹងកំពុងស្រាវជ្រាវដើម្បីឲ្យជននេះមកទទួលខុសត្រូវនៅការផ្សាយព័ត៌មានខុសការពិតនេះ៕