(ភ្នំពេញ)៖ គិតចាប់ពីការដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នាវាដឹកអ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ បានទទួលដឹកអ្នកដំណើរចំនួនសរុប១៦,២៨៧នាក់។ នេះបើតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបង្ហោះរសៀលនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នាវាដឹកអ្នកដំណើរសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យដំណើការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញប្រកាសដាក់ឲ្យដំណើការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពី ខណ្ឌព្រែកព្នៅ-រាជធានីភ្នំពេញ-ក្រុងតាខ្មៅ ។
នាវាដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ មាន៤នាវា និងកំពង់ផែ៦ទីតាំង ។
ទីតាំងសម្រាប់ចំណតនាវាអ្នកដំណើររវាងរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា នៅក្បែរកោះពេជ្រ, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ៕