(ឧត្តរមានជ័យ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព និងលំនឹងស្ថេរភាពនយោបាយ គឺសំខាន់ណាស់ដែលបានធ្វើឱ្យ វិស័យអប់រំមានការរីកចម្រើន ហើយយើងបាន ធ្វើកំណែទម្រង់ច្រើនណាស់ និងធ្វើឱ្យប្រទេសមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ អនាគតកាល គឺផ្អែកលើលំនឹងសុខសន្តិភាព លំនឹងស្ថេរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។
លោកបានបញ្ជាក់ថា «និរន្តរភាពនៃសន្តិភាព ស្ថេរភាព និរន្តរភាពនៃការដឹកនាំនេះសំខាន់ណាស់ ព្រោះនិរន្តរភាពទាំងនេះនឹងធានាដល់និរន្តរភាពផ្សេងទៀត។ អ្វីដែលយើងមានសព្វថ្ងៃនេះ គឺជាមោទនភាព ប៉ុន្តែដែលសំខាន់ជាងនេះ គឺបន្តនិរន្តរភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានធនធានមនុស្សដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងមានគោលនយោបាយច្បាស់លាស់ សូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ដឹកនាំ»។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះ លោកគ្រូ-អ្នកគ្រូយើងនៅក្នុង ខេត្តឧត្តរមានជ័យ និងសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះ។ ការជួបសំណេះសំណាលនេះ គឺជាការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដើម្បីសស្វែងយល់តម្រូវការបន្ថែមនៅក្នុងវិស័យអប់រំ។
លោកថា ឪពុកម្តាយទី១ផ្តល់នូវជីវិតចិញ្ចឹមបីបាច់ថែរក្សាមនុស្សម្នាក់ៗ ឱ្យបានធំធាត់និងផ្តល់នូវការអប់រំមួយចំនួន ប៉ុន្តែគ្មាននរណាម្នាក់អាចបំពេញគ្រប់បែបយ៉ាងឱ្យកូននោះទេ។ លោកគ្រូ អ្នកគ្រូត្រូវបានចាត់ទុកជាឪពុកម្តាយទី២ ព្រោះសមត្ថភាព ចំណេះដឹង សីលធម៌ គុណធម៌ត្រូវឆ្លងកាត់នូវការអប់រំ។ អញ្ចឹងហើយបានជាលោកគ្រូ អ្នកគ្រូ ត្រូវគេហៅថា ជាសេដ្ឋីនៃកិត្តិយសដែលសំបូរ ទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដែលទ្រព្យសម្បត្តិដ៍មានតម្លៃនេះលោកគ្រូ អ្នកគ្រូចែករំលែកទៅដល់អ្នកផ្សេងទៀត។ មនុស្សយើងបើសិនជាយើងមានសមត្ថភាព មានកាយសម្បទាមាំមួន តែខ្វះការអប់រំនូវសីលធម៌និងគុណធម៌ ក៏មិនអាចក្លាយជាបុគ្គលដែលល្អនោះដែរ។
ឧទាហរណ៍មេដឹកនាំរបបខ្មែរក្រហម សុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេស សុទ្ធតែសាស្រ្តាចារ្យបណ្ឌិតនៅក្រៅប្រទេស ប៉ុន្តែខ្វះបុណ្យនៅក្នុងការដឹកនាំដែលមិនបានគិត ពីអាយុជីវិតប្រជាពលរដ្ឋ គិតពីសីលធម៌និងគុណធម៌នៅក្នុងខ្លួនដែលធ្វើឱ្យប្រទេសក្រឡាប់ចាក់។ដូច្នេះយើងត្រូវការធនធានមនុស្សដែលប្រកបទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដើម្បីយើងដឹកនាំប្រទេសយើងឱ្យបានសុខសប្បាយ ធ្វើឱ្យប្រជាពលរដ្ឋបានសេចក្តីសុខ។ អញ្ចឹងហើយ លោកគ្រូ អ្នកគ្រូត្រូវជាឪពុកម្តាយទី២ ដែលជាសេដ្ឋីនៃកិត្តិយសដែលសំបូរទៅដោយកិកិត្តិយស សីលធម៌ បានចែករំលែកបណ្តុះបណ្តាលក្មួយសិស្សានុសិស្សគ្រប់ជំនាន់ទាំងអស់ដើម្បីឱ្យក្លាយជាបុគ្គលម្នាក់មានប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ នេះគឺជាមោទនភាពដែលមិនអាចមានជំនាញណា អាជីពណាដែលអាចប្រៀបធៀបនឹងគ្រូបង្រៀនបានទេ ព្រោះគ្រូមួយថ្ងៃគឺគ្រូមួយជីវិត។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់ជាង៤០០ឆ្នាំនៃសង្គ្រាមដែលពីមុនគេស្គាល់កម្ពុជាដោយសារបែកបាក់ ការកាប់សម្លាប់ ប៉ុន្តែពេលនេះគេស្គាល់កម្ពុជា តាមការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិយើង ហើយមកដល់ពេលនេះប្រទេសយយើងវ៉ាប្រទេសមួយចំនួន នៅក្នុងតំបន់ហើយ។ យើងខំប្រឹងរត់រហូតនាំមុខប្រទេសមួយចំនួន ហើយទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមប្រទេស១៧៤នៅលើពិភពលោក ជាប្រទេសដែលមានសេដ្ឋកិច្ចរត់លឿនជាងគេហើយជាប់ចំណាត់ថ្នាក់លេខ៤ នៅលពិភពលោកជាប្រទេសកាត់បន្ថយភាព ក្រីក្រលឿនជាងគេ។
ប្រជាពលរដ្ឋយើងមានជីវភាពធូធារជាងមុន ប្រទេសយើងរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះបានមកពីធនធានមនុស្ស ដែលបានបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំរបស់ខ្មែរ ដែលនេះគឺជាមោទនៈភាពដែលលបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូក្នុងកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ សម្រាប់ប្រទេសជាតិ។
លោកបានបន្តថា អនាគតសំខាន់ទៅលើមេដឹកនាំដែលទទួលខុសត្រូវ មានចក្ខុវែងឆ្ងាយ មានក្រុមដែលមានសមត្ថភាពដែលធ្វើឱ្យមានលំនឹងគោលនយោបាយទៅមុខ។ ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ ដើម្បីធានានូវនិរន្តភាពនេះគឺយើងត្រូវជ្រើសរើសរាជរដ្ឋាភិបាលនិងមេដឹកនាំរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់ ហើយវិធីដែលល្អបំផុតគឺតាមរយៈការបោះឆ្នោត។ ដូច្នេះ សូមអញ្ជើលោកគ្រូ អ្នកគ្រូ ទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ កក្កដាខាងមុខដើម្បី បង្ហាញសិទ្ធប្រជាពលរដ្ឋនិងដើម្បីចូលរួមរក្សាលំនឹងការដឹកនាំនិងសុខសន្តិភាពជាបន្តទៅទៀត៕