(ភ្នំពេញ)៖ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៧ ខែឧសភានេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក MAREK LIBŘICKÝ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលបង្ហោះក្នុង Facebook បានបញ្ជាក់ថា កិច្ចពិភាក្សានោះ ក៏មានការប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់សាធារណរដ្ឋឆែក សម្រាប់កម្ពុជា ឆ្នាំ ២០១៨-២០២៣ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆែក។
សេចក្តីប្រកាសរបស់ CDC បានឲ្យដឹងថា គោលដៅចម្បងនៃកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេ្វភាគីសម្រាប់រយៈពេល៦ឆ្នាំនេះ គឺដើម្បីផ្តល់ការគាំទ្រលើវិស័យចំនួន៣ គឺ ១៖ វិស័យសុខាភិបាល២) វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង៣៖ វិស័យទឹកសា្អត និងអនាម័យ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
CDC បានបញ្ជាក់ទៀតថា ហិរញ្ញប្បទានដែលគ្រោងនឹងផ្តល់ដោយភាគីឆែកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ គឺមានប្រមាណ១.៥លានដុលា្លរអាមេរិក ក្នុងមួយឆ្នាំ និងរំពឹងថានឹងមានការកើនឡើងសម្រាប់ឆ្នាំបន្តបន្ទាប់៕