(បាត់ដំបង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងជំរុញឲ្យមន្រ្តីគ្រប់ផ្នែក នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹង និងយកចិត្តទុកដាក់ មើលថែទាំប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺអេដស៍ នៅឃុំរកា ស្រុកសង្កែ ឲ្យបានល្អបន្ថែមទៀត។ ការថ្លែងជំរុញរបស់ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នាពេលនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក វង សូត បានបន្ថែមថា ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំងឺអេដស៍ នៅឃុំរកា ចំនួន២៦៩នាក់ ស្មើនឹង១២០គ្រួសារ ជាករណី ដែលត្រូវ យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវមើលថែទាំ លើសុខភាពរបស់ពួកគាត់ឲ្យបានល្អ តាមដានពីសុខភាព និងភាពខ្វះខាតរបស់ ប្រជាពលរដ្ឋ និងជួយឲ្យបានទាន់ពេលវេលា តាមដែលអាចធ្វើបាន ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅឃុំរកា ស្រកសង្កែ ខេត្តបាត់ដំបង គឺមានសារសំខាន់ ហើយលោកក៏សូមថ្លែងអំណរគុណដល់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។
លោក ងួន រតនៈ បានបន្ថែមឲ្យដឹងថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានជម្រុញ និងបង្កលក្ខណៈងាយស្រួលទៅដល់មន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដ៏មានសារៈសំខាន់ សម្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពសង្គមឲ្យកាន់តែល្អប្រសើរឡើង ដោយផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមមាន ជនរងគ្រោះ និងងាយរងគ្រោះ ជនពិការ ជនអនាថា ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា កុមារងាយរងគ្រោះ អតីតយុទ្ធជន និងអតីតនិវត្តជនជាដើម ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះនៅឃុំរកានេះ។
ជាមួយគ្នានោះ លោក គឹម តេង ប្រធានមន្ទីរសង្គមកិច្ចប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមការដឹកនៃរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងកិច្ចដំណើរការផ្តល់សេវាជូនជនរងគ្រោះ និងងាយរងគ្រោះ ឃើញថា ការដោះស្រាយករណីព្រឹត្តិការណ៍ ដ៏គួរឲ្យរន្ធត់ ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍ នៅឃុំរកាចំនួន២៦៩នាក់ ស្មើនឹង១២០គ្រួសារ ជាករណីដែលត្រូវ យកចិត្តទុកដាក់ខ្ពស់បំផុត។
លោក គឹម តេង បានបន្ថែមថា កន្លងមកមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង បានសហការដោយផ្ទាល់ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ចូលរួមឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់ ស្របជាមួយ ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ អង្គភាព អង្គការ ដៃគូពាក់ព័ន្ធ រួមនឹងស្បៀងសម្ភារ និងថវិកាមួយចំនួនផងដែរ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានពង្រឹងយន្តការ រៀបចំមណ្ឌលសុខភាព នៅឃុំរកានេះឡើងវិញ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ដើម្បីបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ក្នុងឃុំឲ្យបានទាន់ពេលវេលា៕