(កំពត)៖ អនុប្រធានក្រុមការងារចុះជួយខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយស្រុកដងទង់ លោក អ៊ុង សំខាន់ បានប្រាប់ថ្នាក់ដឹកគណបក្សប្រជាជន នៅតាមមូលដ្ឋាន ត្រូវដឹងសុខទុក្ខ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលបានសម្លេងគាំទ្រ និងឈានទៅយកជ័យជម្នះ ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការថ្លែងបែបនេះរបស់ លោក អ៊ុង សំខាន់ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសលោក រួមដំណើរជាមួយ លោក ដាំ ដារ៉ារិទ្ធ បានចុះជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សដងទង់ និងប្រធានឃុំចំនួន១០ឃុំ ដើម្បីពិនិត្យការងារនៅសេសសល់ ការងាររៀបចំសម្រាប់ឃោសនា និងការបោះឆ្នោតនៅពេលឆាប់ៗខាងមុខនេះ។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ទោះជាមានសមិទ្ធផលជាច្រើនលើគ្រប់វិស័យហើយក៏ដោយ តែសេចក្តីត្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក្រុមការងារនៅតែបន្តតាមជួយរហូត តែជាក់ស្តែងថ្ងៃនេះក្រុមការងារបានចុះមកសំណេះសំណាលដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ សូមឲ្យក្រុមការងារមូលដ្ឋានបម្រើសេវាសាធារណៈ ជូនពួកគាត់ឲ្យបានល្អរៀង រហូតតទៅ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ លោក អ៊ុង សំខាន់ បានឧបត្ថមថវិកា ចំនួន៥,២០០ដុល្លារ បន្ថែមទៀតសម្រាប់បម្រើការងារបន្ត៕