(ក្រចេះ)៖ អាជ្ញាធរខេត្ត នឹងពន្លឿនការធ្វើជំរឿនបញ្ជីឈ្មោះពលរដ្ឋ ដែលជាក្រុមអ្នកតវ៉ាដីធ្លីជាមួយនឹងក្រុមហ៊ុនមេមត់ឲ្យបានឆាប់រហ័ស ដើម្បីមានផែនការបែកចែកដីឲ្យបានច្បាស់លាស់ ឲ្យពួកគាត់បានកាន់កាប់តាមចំនួនសមស្រប និងស្របច្បាប់។
ការធ្វើជំរឿននេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីពលរដ្ឋប្រមាណជាង៤០០គ្រួសារ ក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តទទួលបន្ទុកដីធ្លី និងមន្ទីរពាក់ពន្ធ័ នៅព្រឹកថ្ងៃព្រឹក ទី១៧ ខែឧសភាឆ្នាំ២០១៨នេះ នៅសាលាស្រុកស្នួល។
លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភានេះថា ការធ្វើជំរឿនបញ្ជីឈ្មោះនោះ គឺអាជ្ញាធរជំនាញនឹងធ្វើយ៉ាងច្បាស់លាស់ លើពលរដ្ឋដល់ទីលំនៅអចិន្រ្តៃយ៍របស់ពួកគាត់ ដែលមកពីតាមបណ្តាតំបន់ផ្សេងៗស្ទើរគ្រប់ខេត្ត ថាពួកគាត់ពិតជាគ្មានដីពិតប្រាកដ ឬយ៉ាងណា។
ក្រុមមន្រ្តីបានឲ្យដឹងថា ពលរដ្ឋដែលមានវិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនមេមត់ មានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះកន្លងមក គឺមានចំនួនតែជាង២០០គ្រួសារនោះទេ ហើយពលរដ្ឋទាំងនោះសុទ្ធ សឹងជាពលរដ្ឋ ចំណាកស្រុក ក្រោយពីអាជ្ញាធរមានផែនការធ្វើជំរឿនស្ថិតិរបស់ពួកគាត់ គឺចំនួនបានកើនឡើងរហូតដល់ទៅជា១០០០គ្រួសារ។ តែយ៉ាងណាមន្រ្តីជំនាញ នឹងពន្លឿនការធ្វើស្ថិតិពលរដ្ឋ ចំនួនជាង២០០គ្រួសារ ដែលធ្លាប់បានផ្ទុះបាតុភាពតវ៉ា កាលពីលើកមុន។
ករណីវិវាទដីធ្លី ដែលបានអូសបន្លាយរយៈពេលជាច្រើនឆ្នាំទៅហើយនោះ រវាងពលរដ្ឋចំណាកស្រុកដែលជាក្រុមអ្នកតវ៉ាជាច្រើនរយគ្រួសារ ក្នុងចេតនាចូលទៅកាប់ឆ្ការរានដីព្រៃ របស់ក្រុមហ៊ុនមេមត់មាន ទីតាំង ក្នុងភូមិសាស្រ្ត ស្រុកស្នួល ខេត្តក្រចេះ យកមកកាន់កាប់ដោយខុសច្បាប់។ ករណីវិវាទដ៏រ៉ាំរ៉ៃនេះ បានកើតជារឿងចម្រូងសម្រាស់ឥតឈប់ឈរជាច្រើនឆ្នាំ ខណៈដែលចំនួនពលរដ្ឋចំណាកស្រុក បានមកតវ៉ាទាមទារសិទ្ឋិកាន់កាប់ដីព្រៃរបស់ក្រុមហ៊ុន កាន់តែមានចំនួនកើនឡើង ហើយបើទោះបីជាមានការចុះទៅសម្របសម្រួលពីអាជ្ញាធរ ជាច្រើនលើកច្រើនសារក៏ដោយ ក៏ការដោះស្រាយនៅមិនធូរស្បើយទេ។
ក្រោយមានវិវាទ បានកើតជាភាពតានតឹង រហូតមានការផ្ទុះអាវុធជាច្រើនគ្រាប់ពីអាជ្ញាធរ ដើម្បីបំបែកហ្វូងអ្នកតវ៉ា ដែលប៉ុនប៉ងតវ៉ាបិទផ្លូវ និងបំផ្លាញគ្រឿងចក្ររបស់ក្រុមហ៊ុន កាលពីដើមខែមីនា កន្លងទៅនោះ រហូតមកទល់នឹងពេលនេះ ស្ថានភាពនៃការតវ៉ាពីក្រុមអ្នកតវ៉ា គឺនៅតែមិនទាន់ធូស្បើយនៅឡើយដែរ ដោយពួកកាត់នៅតែបង្កើនមនុស្សមកធ្វើការប្រមូលផ្តុំ ដាក់ញតិ្តគ្រប់ទីកន្លែង ដើម្បីតវ៉ាទាមទាសិទ្ឋិកាន់កាប់ដីធ្លីពី ក្រុមហ៊ុន។
អាជ្ញាធរបានបញ្ជាក់ថា ពលរដ្ឋទាំងនេះ គឺជាក្រុមអ្នកដើរតវ៉ាទាមទារដីធ្លីដែលពួកគាត់ ធ្លាប់បានដើរដាក់ញតិ្តទាមទារគ្រប់ទីកន្លែង ពិសេសនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
លោក កៅ ម៉ាឌីឡែន បានឲ្យដឹងទៀតថា កន្លងមកអាជ្ញាធរបានកាត់ដី ពីក្រុមហ៊ុនជាង៣០០០ហិកតា ទុកសម្រាប់បែកចែងឲ្យពលរដ្ឋ ជាង៤០០គ្រួសារ ហើយអាជ្ញាធរនឹងបន្តរកទីតាំងដីឲ្យបានសមស្របបែកចែកជូនទៅពួកគាត់បន្ថែមទៀត ក្រោយពីបានធ្វើជំរឿនច្បាស់លាស់៕