(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំឧកញ៉ា ហូ ចំរើន ដោយសម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»។ នេះបើយោងតាមមន្រ្តីតុលាការជាន់ខ្ពស់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
ឧកញ៉ាហូ ចំរើន ត្រូវចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕