(ភ្នំពេញ)៖ បើនិយាយពីកម្មវិធី សម្រស់ឯក វាយនភណ្ឌ ទស្សនិកជនភាគច្រើន ប្រហែលជាបានជ្រាបមកហើយ ខណៈកម្មវិធីនេះ ទើបតែបញ្ចប់នៅពេលថ្មីៗនេះទេ ដោយម្ចាស់ជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ គឺសុទ្ធតែមកពី ខេត្តកំពង់ស្ពី ទាំងពីររូបតែម្តង។ យ៉ាងណាមិញ ម្ចាស់ជ័យលាភី ប្រុសស្រីទាំងពីរនេះ សុទ្ធសឹងតែជាកម្មករ-កម្មការិនី ធ្វើការរោងចក្រ ប៉ុន្តែពួកគេហាក់បីដូចជា មានភាពតស៊ូ ពុះពារ ជំនះរាល់ការលំបាក ទោះបីខ្លួនមានភាពមមាញឹកនឹងការងារក៏ដោយ ដើម្បីសម្រេចនូវគោលបំណងចង់ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី ដ៏ធំប្រចាំឆ្នាំមួយនេះ។

ជាការកត់សម្គាល់ ជាមួយនឹងការទទួលបានជ័យលាភីមួយនេះ លោក ឌិន សិត ដែលជាជ័យលាភីលេខ ១ មកពីខេត្តកំពង់ស្ពឺ និងបេក្ខនារី ដែលជាជ័យលាភីលេខ១ ញឿន ស៊ូវិកញ្ញា មកពីខេត្តកំពង់ស្ពឺ ដូចគ្នានេះ ហាក់មានសម្រស់ស្រស់សោភារៀងៗខ្លួន និងមានទេពកោសល្យ ក្នុងការបង្ហាញម៉ូតនៅលើឆាក ដែលខ្លួនកំពុងតែប្រកួតប្រជែង ប្រៀបបាននឹងអ្នកដើរម៉ូតអាជីពតែម្តង ខណៈមហាជនភាគច្រើន បានបញ្ចេញនូវមតិថា អ្នកទាំងពីរពិតជាស័ក្តិសមនឹងទទួលជ័យលាភីមួយនេះមែនទេ។

យ៉ាងណាមិញ ទោះបីជាមានការសម្រេចបាននូវក្តីស្រមៃរបស់ខ្លួន ក្នុងការដណ្តើមបានជ័យលាភី ដោយសម្ថភាពខ្លួនផ្ទាល់ក៏ដោយ អ្នកទាំងពីរ ក៏មានភាពតស៊ូ ពុះពារយ៉ាងស្វិតស្វាញ ផងដែរ។ អ្វីដែលពិសេសនោះ ដោយសារតែមានទស្សនិកជនភាគច្រើន ចង់ដឹងពីរឿងរ៉ាវជិវិត ការតស៊ូ របស់ខ្លួន ម្ចាស់ជ័យលាភីទាំងពីររូបនេះ នឹងចូលខ្លួនមកបកស្រាយ ដើម្បីជម្រះនូវមន្ទិលរបស់ទស្សនិកជន ជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕