(កំពង់ធំ)៖ ដើម្បីអបអរសាទរ ថ្ងៃដំបូងនៃពិធីបុណ្យបួសរ៉ាម៉ាឌន របស់បងប្អូនខ្មែរឥស្លាម ដែលត្រូវចាប់ផ្ដើម នៅថ្ងៃទី១៧ ខែឧសភា ឆ្នា ២០១៨នេះ ក៏ដូចជាអ្នកកាន់សាសនាឥស្លាមលើសកលលោក, លោក សឹម សុខព្រី និងលោកស្រី ម៉ាណ ណាវី តំណាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រួមជាមួយយុវជនស្ម័គ្រចិត្តសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដឹកនាំសប្បុរជនអង្គការ LIfE ប្រទេសបារាំង ដែលដឹកនាំដោយលោក Steve Karim ជាប្រធានអង្គការ ប្រគល់អំណោយកញ្ចប់សម្រាប់ទទួលទានខែរ៉ាម៉ាឌន ជូនដល់ជនក្រីក្រ៥០០គ្រួសារ នៃភូមិចំនួន១៣ នៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក។
លោក Steve Karim បញ្ជាក់ថា អំណោយនេះ ជាទឹកចិត្តរបស់សប្បុរសជនចម្រុះជាតិសាសន៍ ដែលរស់នៅប្រទេសបារាំង ហើយជាការចូលរួមអបអរសាទរ ដល់បងប្អូនខ្មែរឥស្លាមនៅកម្ពុជា។ លោកបន្តថា ទោះបីកម្ពុជានៅឆ្ងាយរាប់ពាន់យោជន៍ពីប្រទេសបារាំង ប៉ុន្តែសុខសន្តិភាពនៅកម្ពុជា ហើយក៏ជាជាភាតរភាព របស់សប្បុរសជនជាមួយបងប្អូននៅកម្ពុជា ក៏ដូចជាការគោរពស្រលាញ់ ការដឹកនាំល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ម៉ាណ ណាវី បានកោតសរសើរ ដល់តំណាងសប្បុរសជន តាមរយៈអង្គការ LIFE ជាដៃគូរដែលបាននិងកំពុងសហការចូលរួមយ៉ាងសកម្មផ្តល់ជំនួយ ផ្នែកកញ្ចប់អាហារ អង្ករ និងឧបភោគបរិភោគ ក្រៅពីនោះក៏បានចូលរួមកសាងអណ្តូងទឹកស្អាតជាច្រើន នៅតាមសហគមន៍អ្នកខ្សត់ទឹកប្រើប្រាស់។
លោក សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ ដោយសារតែគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យសុខសន្តិភាពពេញផ្ទៃប្រទេស បន្តមកជាង៣ទស្សវត្ស ហើយក៏កំពុងផ្តល់ក្តីទំនុកចិត្តមួយដល់សហគមន៍អន្តរជាតិ ចំពោះការធ្វើសុខដមបនីយកម្មនៅកម្ពុជា ប្រកបដោយប្រសិទ្ធផលខ្ពស់។
លោកបន្តថា ស្នាដៃនៃការសាងទំនុកចិត្តនេះ បានញ៉ាំងឲ្យកម្ពុជាទទួលស្វាគមន៍ទាំងវិនិយោគិន ទេសចរណ៍ អ្នកការទូត ស្ថាប័នអង្គការ ម្ចាស់ជំនួយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែមានភាពរឹងមាំឡើង។
អំណោយយកទៅប្រគល់ជូននៅពេលនេះ ក្នុងមួយគ្រួសារបានអង្ករ៥០គីឡូ មី ប្រេងឆា សាប៊ូបោកខោអាវ និងសាប៊ូដុំ ថ្នាំដុសធ្មេញ ស្ករសរ និងមីឡូ ជាដើម៕