(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសជាតិ គឺផ្អែកលើលំនឹងសុខសន្តិភាព ស្ថិរភាព ទិសដៅដែនការ គោលនយោបាយច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបន្តនិរន្តរភាពធានាដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
កាលលើកឡើងបែបនេះ នៅក្នុងឱកាសលោកបានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូទូទាំងខេត្តយ៉ាងច្រើនកុះករផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អនាគតកាល នៃការរីកចម្រើន គឺផ្អែកលើលំនឹងសុខសន្តិភាព លំនឹងស្ថេរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។ និរន្តរភាពនៃសន្តិភាព ស្ថេរភាព និរន្តរភាពនៃការដឹកនាំនេះសំខាន់ណាស់ ព្រោះនិរន្តរភាពទាំងនេះនឹងធានាដល់និរន្តរភាពផ្សេងទៀត»។
ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត បានបន្តថា អ្វីដែលយើងមានសព្វថ្ងៃនេះ គឺជាមោទនភាពយ៉ាងខ្លាំងសម្រាប់ជាតិមាតុភូមិ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តរក្សាសុខសន្តិភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រី នៃកម្ពុជា គឺបានរក្សានូវធនធានមនុស្ស ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ដូច្នេះសូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្ថែមទៀតថា កម្ពុជា ទើបតែទទួលបានសុខសន្តិភាព រយៈពេលជិត២០ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែកម្ពុជា បានវិវត្តខ្លួនពីបាទដៃទទេរ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កើនធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា សេដ្ឋកិច្ចបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងលឿនគួរឱ្យកត់សម្គាល់ និងមានអាគារខ្ពស់ៗ ជាផ្នែកមួយបានចូលរួមចំណែកទាក់ទាញទេសចរណ៍រាប់លាននាក់ មកទស្សនាកម្ពុជាផងដែរ។
ទទឹមនឹងនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។ លោកគ្រូ អ្នកគ្រូគឺជាឪពុកម្តាយទី២ ដែលបានចូលរួមបង្កើតចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ដើម្បីឱ្យមនុស្សម្នាក់ពេញលក្ខណៈ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនាគតសំខាន់របស់ជាតិគឺផ្តោតសំខាន់លើមេដឹកនាំដែលទទួលខុសត្រូវមានចក្ខុវិស័យវែងឆ្ងាយ ប្រកប ដោយសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យមានលំនឹងគោលនយោបាយឈានទៅរកការអភិវឌ្ឍ លើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ ដូច្នេះហើយកម្ពុជា ជាប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពុហុបក្ស ធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ដើម្បីជ្រើសរើសមេដឹកនាំ កាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅរករីកចម្រើនបន្ថែមទៀត ដូច្នេះសូមលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា៕