(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីនថែលលីជិន អេន អ៊ិនណូវេសិន ស៊ីធី (អាយ-អាយ ស៊ីធី) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន 7NG (Cambodia) Co.,Ltd បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពី គម្រោងអភិវឌ្ឍន៍ដ៏មហិមា នៅលើផ្ទៃដីទំហំប្រមាណជាង៧៧៧ហិកតា នៅក្នុងតំបន់អភិវឌ្ឍន៍ 7NG ក្នុងការបង្កើតទីក្រុងបុរាណ រួមជាមួយទីក្រុងវៃឆ្លាត និងច្នៃប្រឌិត ដែលទំនើប និងទាន់សម័យ នៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។
សន្និសីទសារព័ត៌មាន ស្ដីពី «គម្រោងសាងសង់ទីក្រុង រណបសម័យទំនើប អាយ-អាយ ស៊ីធី និងរាជធានីភ្នំពេញ នគរបុរី» នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ មានការអញ្ជើញចូល រួមពីលោកបណ្ឌិត ចិន្ដ ច័ន្ទរតនា អគ្គនាយក អាយ-អាយ ស៊ីធី, ព្រះតេជគុណ បណ្ឌិត ឃី សុវណ្ណរតនា, សាស្ដ្រចារ្យបណ្ឌិត អឿង ចន្ថា, សាស្ដ្រចារ្យបណ្ឌិត ហេង សុប៊ីល, និងលោកមេធាវី ពិន វណ្ណៈ។
លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា បានឲ្យដឹងថា អាយ-អាយ ស៊ីធី គឺជាទីក្រុងឆ្នាតវៃ និងច្នៃប្រឌិតថ្មី ដែលមានផ្ដុំទៅដោយបច្ចេកវិទ្យាទំនើប អមដោយធម្មជាតិបៃតង ដែលអាចជួយសម្រូល ការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ ឲ្យស្របតាមទិសដៅរបស់មុខរាជរដ្ឋាភិបាល និងទិសដៅសមាគមន៍អាស៊ាន។
អគ្គនាយក អាយ-អាយ ស៊ីធី បានបញ្ជាក់ថា «គម្រោងអភិវឌ្ឍន៍ អាយ-អាយ ស៊ីធី គឺជាកន្លែងប្រមូលផ្ដុំបញ្ញាវ័ន្ដខ្មែរ និងផ្ដល់ឱកាសឲ្យក្ដីស្រមៃរបស់ពួកគាត់ក្លាយជាការពិត តាមរយៈការ ចូលរួម ក្នុងគម្រោងផែនការអភិវឌ្ឍន៍នេះ។ ទីក្រុងឆ្លាតវៃ និងច្នៃប្រឌិតរបស់យើង បានចាក់បញ្ចូលរាល់គំនិតអភិរក្សវប្បធម៌ជាតិ និងការថែរក្សាបរិស្ថានបៃតុងស្រស់បំព្រង»។
ទីក្រុងឆ្លាតវៃ និងច្នៃប្រឌិតរបស់ អាយ-អាយ ស៊ីធី នឹងចាក់បញ្ចូលសំណង់ទំនើបៗ រួមមាន៖
* មជ្ឈមណ្ឌលពិពណ៌ខ្នាតអន្ដរជាតិដ៏ធំមួយនៅអាស៊ីអាគ្នេយ៍
* សាលសន្និសីទទំនើបបំផុត ដែលអាចប្រើប្រាស់ទាំងក្នុង និងក្រៅអគារ
* សារមន្ទីរជាតិ និងអន្ដរជាតិ
* សណ្ឋាគារផ្កាយ៥, ខុនដូ និងផ្សារទំនើបៗ និង Sky Bar ជាច្រើនកន្លែង
* កន្លែងវាយកូនគោល និងប្រណាំងសេះ
* មជ្ឈមណ្ឌលកីឡដ្ឋានគ្រប់ទំរង់
* ឧទ្យានផ្កាប៉ូតានិក លំដាប់អន្ដរជាតិ ដែលមានគ្រប់ប្រភេទផ្កាល្បី នៅលើសកលលោក
* ស្ទូឌីយ៉ូថតកុនខ្នាតអន្ដរជាតិ និងមានទំហំធំមហិមា
* សំណង់អាគាររដ្ឋាបាល និងសេវាសាធារណៈ គ្រប់ប្រភេទទាំងអស់របស់រាជរដ្ឋាភិបាល
* ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មី ប្រកបដោយបច្ចេកវិទ្យាទំនើបខ្វាត់ខ្វែង ស្របដោយបរិយាកាសធម្មជាតិស្រស់បៃតង និងមានការកំណត់ផ្លូវរថយន្ដ ផ្លូវថ្មើរជើង ផ្លូវរថភ្លើង និងកន្លែងសួនច្បារហាត់ប្រាណប្រកបដោយផាសុខភាព និងមានរចនាបថខ្មែរទំនើប។
តាមសេចក្ដីថ្លែងការណ៍ របស់អាយ-អាយ ស៊ីធី ស្ដីពី «គម្រោងសាងសង់ទីក្រុង រណបសម័យទំនើប អាយ-អាយ ស៊ីធី និងរាជធានីភ្នំពេញ នគរបុរី» បានឲ្យដឹងថា ផែនការអភិវឌ្ឍន៍ រាជធានីបុរាណ នគរបុរី មានសម័យកាលទាំង៧ ដែលនឹងត្រូវចាក់បញ្ចូល ទៅក្នុងគម្រោងសាងសង់ រាជធានីភ្នំពេញ រួមមាន ១៖ សម័យកាលអង្គរបុរី, ២៖ សម័យកាលសំបូរព្រៃគុប, ៣៖ សម័យកាលអង្គរ, ៤៖ សម័យកាលលង្វែក, ៥៖ សម័យកាលឧត្ដុង្គ, ៦៖ សម័យកាលកោះកេរ្ដិ៍ , ៧៖ សម័យកាលចតុមុខ។
សេចក្ដីថ្លែងការណ៍ដដែរ បានបញ្ជាក់ទៀតថា «ទិសដៅផ្លូវដើរចូល ទីតាំងនគរបុរី បែងចែកជា ២ច្រក គឺ១៖ ច្រកចូលតាមផ្លូវទឺក គឺចូលមកតាមច្រក ទីតាំងបុរាណមុន និង២៖ ច្រកចូលតាមផ្លូវថ្នល់ គឺចូលមកតាមច្រក ទីតាំងសម័យទំនើបមុន»។
ទន្ទឹមនឹងនោះ លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា បានលើកឡើងថា វិស័យទាំង៧យ៉ាង របស់រាជរដ្ឋាភិបាល ក៏នឹងត្រូវដាក់បញ្ចូលជាគំនិតផងដែរ សម្រាប់ការសាងសង់អាគាររដ្ឋាបាល សេវាសាធារណៈនានា ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល រួមមាន៖
* វិស័យកសិកម្ម
* វិស័យនេសាទ និងជលផល
* វិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងប្រព័ន្ធធារាសាស្រ្ដ
* វិស័យថាមពល និងអគ្គិសនី
* វិស័យការពារជាតិ និងមហាផ្ទៃ
* វិស័យអប់រំ និងសុខាភិបាល
* វិស័យឯកជន (សហគាសធុនតូច និងមធ្យម)៕