(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានគណបក្ស និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានកោតសសើរ វាយតម្លៃខ្ពស់ពីស្នាដៃ និងសមិទ្ធផលនានាដែលក្រុមការងារយុវជនគណបក្សខេត្ត សម្រេចបានដើរតាមមាគ៌ា គោលនយោបាយរបស់បក្ស ហើយសមាជិកក្រុមការងារយុវជនទាំងអស់ បានខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ គាំទ្រចំពោះគណបក្សនិងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាព សណ្តាប់ធ្នាប់ សម្បូរសប្បាយ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជូនជាតិ និងប្រជាពលរដ្ឋ ប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សណ្តានចិត្តប្រកបដោយសាមគ្គីភាព មិត្តភាពរបស់យុវជន និងប្រជាពលរដ្ឋមហាគ្រួសារ អ្នកបន្ទាយមានជ័យ ដែលបានចូលរួមរក្សាសន្តិភាព ទប់ស្កាត់បានបដិវត្តព៌ណ ដើម្បីនិរន្តភាពនៃការអភិវឌ្ឍន៍ និងភាពសុខសាន្តតរៀងទៅ។
ចុងបញ្ចប់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់ថវិកាឧបត្ថម្ភជូនដល់សមាជិក កម្មវិធីសន្និបាតក្រុមការងារយុវជនខេត្តរួមមាន៖ មូលនិធិសម្រាប់យុវជនគណបក្សក្នុងខេត្ត ថវិកា១៥ម៉ឺនដុល្លារ, ផ្តល់ប្រេងសាំង៥,០០០លីត្រ និងម៉ាស៊ូត ៥,០០០លីត ជូនដល់ក្រុមការងារយុវជនបក្ស, ជូនថវិកាសរុប៦៥លានរៀល ដល់ក្រុមយុវជនបក្សមកពីឃុំ-សង្កាត់ ចំនួន៦៥ឃុំ-សង្កាត់ ដោយក្នុង១ឃុំ-សង្កាត់ ថវិកា១លានរៀល, ជូនសមាជិក-សមាជិកា ចូលរួមក្នុងកម្មវិធី សន្និបាតចំនួន២,០១១នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល៕