(ភ្នំពេញ)៖ ដូចទៅនឹងការអំពាវនាវ និងការប្រតិកម្មរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបណ្ដាគណបក្សនយោបាយនានាដែរ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត សូមកុំជឿតាមការឃោសនារបស់ក្រុមអគតិមួយចំនួន ដែលញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាពេលខាងមុខ។
លោកបានដាស់តឿនថា ប្រសិនបើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេសមិនទៅបោះឆ្នោត ដល់ពេលប្រទេសជាតិ ឬពលរដ្ឋខ្លួនឯងមានបញ្ហាណាមួយ ក្រុមជនអគតិទាំងនោះមិនបានមកជួយដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋឡើយ ដូច្នេះសូមកុំទោរទន់ទៅនឹង ការឃោសនាពីមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក។
ការអំពាវនាវបែបនេះ របស់លោក ហង្ស ពុទ្ធា បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី បច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការ គ.ជ.ប។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក ហង្ស ពុទ្ធា បានផ្ដល់កិច្ចសម្ភាសជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងបានអំពាវនាវយ៉ាងដូច្នេះថា «ក្នុងនាម គ.ជ.ប យើងសូមលើកឡើងនូវសេចក្ដីអំពាវនាវ សូមកុំឲ្យយកសម្ដីខាងក្រៅជាគោល បានន័យថា យើងកំពុងតែរស់នៅលើទឹកដីប្រទេសកម្ពុជា យើងគួរគោរពឲ្យបានល្អនូវច្បាប់របស់ប្រទេសកម្ពុជា ហើយបើជាយើងប្រាសចាកគន្លងច្បាប់ បញ្ហាអាចនឹងកើតមានឡើងសម្រាប់ផ្ទាល់ខ្លួន ហើយផលវិបាកមិនមែនអ្នកស្រែកអំពាវនាវ ឲ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោតទេ ច្បាស់ណាស់ថា ផលវិបាកនឹងធ្លាក់មកលើប្រជាពលរដ្ឋកម្ពុជាខ្លួនឯង»។
ការអំពាវនាវរបស់ គ.ជ.ប បែបនេះ ក៏ស្របនឹងការអំពាវនាវរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករនិយោជិត ក៏ដូចជាបណ្ដាគណបក្សនយោបាយនានាផងដែរ ក្រោយពីមានប្រតិកម្មជាហូរហែដូចភ្លៀងរលឹម ទៅលើក្រុមអតីតបក្សប្រឆាំង ដែលត្រូវបានតុលាការកំពូលចេញសាលក្រមរំលាយចេញ នាំទៅដល់ការបាត់បង់សិទ្ធិចូលរួមឈរឈ្មោះបោះឆ្នោត តួយ៉ាងមានដូចជា លោក សម រង្ស៊ី និងកូនស្រីរបស់លោក កឹម សុខា គឺអ្នកនាង កឹម មនោវិទ្យា ជាដើម៕