(ភ្នំពេញ)៖ កម្មវិធីចាប់គូប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ សម្រាប់ពានរង្វាន់ថ្នាក់ជាតិ បានចេញលទ្ធផលហើយ គ្រាដែលក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមចំណូលថ្មី វិសាខា ។
នៅចំពោះមុខតំណាងក្លឹបមួយចំនួនធំ ដែលត្រៀមប្រកួតពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឬវគ្គ ១៦ក្រុមចុងក្រោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិ(CNCC) បានរៀបចំកម្មវិធីចាប់គូយ៉ាងសុក្រឹត្យបំផុត ដោយមានបេក្ខភាពចូលរួម ក្នុងនោះ ១២ក្រុម គឺជាសមាជិកក្រុមលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ខណៈ ១៤ក្រុមទៀត គឺជាក្រុមឡើងមកពីពានរង្វាន់ថ្នាក់ខេត្ត ក្រោយពួកគេឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ជាលទ្ធផលចាប់គូក្រុមជើងឯក ៤សម័យកាលព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមកំពុងឡើងជើងវិសាខា, បឹងកេត ប៉ះវេស្ទើន, ក្រុមអង្គរថាយហ្គឺរ ប៉ះសូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា, ក្រុមភ្នំពេញក្រោន ជួបក្រុមលេខ៣ ឆ្នាំចាស់ អគ្គិសនីកម្ពុជា, ក្រុមជើងឯករងណាហ្គាវើល ជួបខេត្តកំពត, ក្រុមក្រសួងការពារជាតិ ប៉ះអាស៊ីអឺរ៉ុប, ក្រុមគិរីវង់សុខសែនជ័យ ប៉ះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ ជួបខេត្តកោះកុង ដែលទើបយកឈ្នះ ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានថ្នាក់ខេត្តកាលពីពេលថ្មីៗ ។
សម្រាប់ការប្រកួតពានរង្វាន់ថ្នាក់ជាតិ នឹងប្រើរូបមន្ដប្រកួតក្នុងដី និងក្រៅដី(Home/Away) ពោលគឺធ្វើការប្រកួត ២ជើង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គបន្ដ ក្នុងនោះជើងទី១ គឺគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ខណៈជើងទី២ ប្រកួតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតពានថ្នាក់ជាតិ គឺរង់ចាំបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ថ្នាក់ខេត្តសិន ដោយក្រុម U18 បាទី ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី២៣ ខែឧសភាខាងមុខ ដើម្បីដណ្ដើមជើងឯក ប៉ុន្ដែមិនមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានថ្នាក់ខេត្តនោះទេ ៕
ខាងក្រោមនេះ គឺជាលទ្ធផលចាប់គូប្រកួតពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០១៨៖