(ភ្នំពេញ)៖ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) មើលឃើញថា អ្នកបោះឆ្នោតបច្ចុប្បន្ននេះ មាន២ប្រភេទ ដែលប្រភេទទី១ គឺ Strong supporters ដែលជាក្រុមងុបងល់នឹងអ្នកដឹកនាំក្នុងបក្ស និងទី២ Swing voters ជាក្រុមដែលចេះថ្លឹងថ្លែងមិនងុបងល់ផ្កាប់មុខ។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់នៅថ្ងៃទី១៧ ខែឧសភានេះថា សារនយោបាយរបស់ GDP គឺសម្រាប់ពន្យល់ដល់ប្រភេទក្រុម Swing voters តែម្តង ដោយមិនតម្រង់រកក្រុម Strong supporters នោះទេ។
អ្នកនាំពាក្យរូបនេះ បានថ្លែងនៅលើបណ្តាញ Facebook យ៉ាងដូច្នេះថា «Strong supporters ជាអ្នកស្ម័គ្រស្មោះនឹងគណបក្សណាមួយ ដោយមិនខ្វល់ថា គណបក្សនោះមានគោលនយោបាយល្អ មានភាពជាអ្នកដឹកនាំល្អ ឬអត់ទេ។ គេដឹងតែគាំទ្របក្សនោះដោយគ្មានលក្ខខណ្ឌ។ ភាសាខ្មែរងាយយល់ គេហៅថាអ្នកផ្កាប់មុខ។ ជាទូទៅក្រុមនេះមានពី២០ ទៅ៣០% នៃអ្នកបោះឆ្នោតសរុប»។
លោកបានបន្តទៀតថា សម្រាប់ក្រុម Swing voters វិញគឺជាអ្នកចេះសម្លឹងគិតពិចារណាស្វែងយល់ អំពីគណបក្សនយោបាយផ្សេងៗ ពេលបោះឆ្នោតម្តងៗ។ គេឱ្យតម្លៃលើគោលនយោបាយ គណបក្សបូកនឹងភាពជាអ្នកដឹកនាំថ្មីៗ ដែលគណបក្សបង្ហាញ។ ជាទូទៅ ក្រុមនេះមានពី៧០ ទៅ៨០% នៃអ្នកបោះឆ្នោតសរុប។
សូមជម្រាបថា ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅចុងខែកក្កដា ខាងមុខនេះ គណបក្ស GDP បានដាក់ចេញគោលលនយោបាយកសាងជាតិ ដោយផ្តោតសំខា់លើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗ៥ចំណុច។
ចំណុចទាំង៥នោះរួមមាន៖
១៖ សេដ្ឋកិច្ច និងការងារ៖
* អ្នកជំនាញ ៥,០០០នាក់ ធ្វើការបម្រើកសិករគ្រប់ភូមិ ដើម្បីទទួលបានទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្មល្អ។
* កសិករ សហគ្រាសកែច្នៃ និងក្រុមហ៊ុននាំចេញកសិផល ត្រូវបានគាំទ្រពីរដ្ឋទាំងទុន ទីផ្សារ និងការអនុគ្រោះផ្សេងៗ ពិសេសទទួលបានទុន ដែលមានការប្រាក់ ៥% មួយឆ្នាំ ដើម្បីធ្វើការជំរុញផលិតផលក្នុងស្រុក។
* រាល់ការចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសធ្វើតែមួយកន្លែង ហើយនៅត្រឹមតែក្រុង-ស្រុក-ខណ្ឌ និងក្រុមហ៊ុនបង្កើតដំបូង ត្រូវបានអនុគ្រោះពន្ធ ៥ឆ្នាំ។ យុវជន យុវនារី បង្កើតសហគ្រាសដោយខ្លួនឯង ទទួលបានទុនចំណងដៃ ៥លានរៀល។
២៖ សុខាភិបាល៖
* រៀបចំប្រព័ន្ធធានារ៉ាបរងការព្យាបាល និងថែទាំសុខភាពជាសកលសម្រាប់ខ្មែរគ្រប់រូប ដោយមានការចូលរួមទ្រទ្រង់ពីប្រជាពលរដ្ឋអាយុ១៨ឆ្នាំ ទៅ៦៥ឆ្នាំ តែ៥០០រៀលក្នុង១ខែ
* រៀបចំឱ្យមានមន្ទីរពេទ្យស្តង់ដារគន្ធបុប្ផា នៅគ្រប់ស្រុក ក្រុង ខណ្ឌ
* តាមរាជធានី ខេត្ត និងលើកស្ទួយសមត្ថភាព ព្រមទាំងគុណតម្លៃគ្រូពេទ្យ
* អនុវត្តឱ្យបាន ប្រកបដោយប្រសិទ្ធភាព នូវច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ។
៣៖ សិក្សាធិការ និងយុវជន៖
* ឧបត្ថម្ភដល់យុវជនយុវនារី នូវប្រាក់កម្ចីចំនួន៥លានរៀល ក្នុងឆ្នាំ រយៈពេល៥ឆ្នាំសម្រាប់យកទៅបន្តការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិត
* រៀបចំឱ្យមានសាលាមត្តេយ្យល្អយ៉ាងតិច១ម៉ឺនភូមិ
* រៀបចំសាលារដ្ឋឱ្យមានស្តង់ដារ គុណភាពខ្ពស់ជាងសាលាឯកជនចាប់ពីមត្តេយ្យ ដល់សកលវិទ្យាល័យ តាមរយៈការលើកស្ទួយសមត្ថភាព និងគុណតម្លៃគ្រូបង្រៀនក្នុងការបណ្តុះកូនខ្មែរ
៤៖ សង្គមកិច្ច៖
* ស្ត្រីសម្រាលកូនម្តងទទួលបានការឧបត្ថម្ភពីរដ្ឋ៥០០០០រៀល
* ចាស់ជរាអាយុចាប់ពី៦៥ឆ្នាំឡើងទទួលបានឧបត្ថម្ភពីរដ្ឋចំនួន១៥ម៉ឺនរៀល
* កម្មករកម្មការិនីនៅពេលអត់ការងារធ្វើទទួលបានការឧបត្ថម្ភពីរដ្ឋ៥០ភាគរយក្នុងរយៈពេល៥ខែ
៥៖ សេវាសាធារណៈ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ គឺតំណាងរាស្ត្រល្អ មន្ត្រីល្អ និងពលរដ្ឋសកម្ម៕