(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចាត់ទុកថា អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាពេលនេះ គឺជាអតីតមេក្លោងបក្សប្រឆាំង ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត។
អតីតមេក្លោងគណបក្សប្រឆាំង ដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចង់សម្តៅទៅកាន់នេះ ទំនងជាគ្មាននរណាក្រៅពី លោក សម រង្ស៊ី និងលោក កឹម សុខា ដែលម្នាក់បំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរកុំទៅបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នៅខែកក្កដា ខាងមុខនេះ និងម្នាក់ទៀតកំពុងជាប់សង្ស័យពាក់ព័ន្ធនឹង ការផ្តួលរំលំរាជរដ្ឋាភិបាល ដែលយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។
លោក សុខ ឥសាន បានផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម យ៉ាងដូច្នេះថា៖ ការជាក់ស្តែង បានបង្ហាញច្បាស់ថា អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺ៖
* អ្នកជាមេក្លោង បញ្ជាឲ្យអតីតបក្សប្រឆាំង ធ្វេីការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែបី។ ជាអ្នកយកផែនការបរទេស មកអនុវត្តក្នុងការផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ជាអ្នកផ្តាច់ជំនួយមកឲ្យ គជប ដេីម្បីចង់ធ្វេីឲ្យរាំងស្ទះដល់ការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ។ * ជាអ្នកកាន់ជេីង និងគាំទ្រពួកឧទ្ទាមក្រៅច្បាប់ នីរទេសនៅឯនាយសមុទ្រ។ ជាអ្នកឃោសនាញុះញង់ មិនឲ្យប្រជាជនទៅបោះឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ។ ជាអ្នកដែលធ្វេីការគាបសង្កត់ដោយវិធីផ្សេងៗ មកលេីរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីការពារអាយ៉ងក្បត់ជាតិរបស់ខ្លួន។ ជាអ្នករំលោភឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា។
ពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសជួបសំណេះសំណាលជាមួយកម្មករជាង២ម៉ឺននាក់ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ បានអះអាងជាថ្មីថា ដរាបណាមានវត្តមានរបស់សម្តេច គឺមិនមានជនណាម្នាក់ ឬក្រុមណាមួយអាចមកបំផ្លាញសន្តិភាព ស្ថិរភាពរបស់កម្ពុជា បាននោះឡើយ។
សម្រាប់ការបោះឆ្នោតឯនោះវិញ កម្ពុជាកំពុងបន្តរៀបចំតាមតំណាក់កាលនីមួយៗ។ បើតាមគ.ជ.ប រហូតដល់ពេលនេះ មានគណបក្សចំនួន៥ហើយ ត្រូវបានទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមក្នុងការបោះឆ្នោត ខណៈដែលគណបក្សចំនួន១៥ផ្សេងទៀត គ.ជ.ប កំពុងពិនិត្យ ហើយនឹងប្រកាសនៅអំឡុងពេល១សប្តាហ៍ក្រោយពីដាក់ពាក្យ។ គ.ជ.ប ជឿជាក់ថា ការបោះឆ្នោតអាណត្តិថ្មីនេះ នឹងមានគណបក្សនយោបាយចូលរួមច្រើនជាងអានត្តិមុនទៅទៀត៕