(ភ្នំពេញ)៖ បុរសជនជាតិអាមេរិក និងកំពុងមានតួនាទីជាទីប្រឹក្សាជារាជរដ្ឋាភិបាលកម្ពុជា លោក ចន រ៉ាយស៍ (John G. Rice) បានសន្យាជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជាទៅកាន់ពិភពលោក ដើម្បីចៀសផុតពីការយល់ច្រឡំ និងទស្សនៈអវិជ្ជមានមួយចំនួនចំពោះកម្ពុជា និងរាជរដ្ឋាភិបាល។
ការសន្យារបស់លោក ចន រ៉ាយស៍ បានធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។ លោក ចន រ៉ាយស៍ ជាជនជាតិអាមេរិក ដែលបានរស់នៅ និងធ្លាប់ចេញចូលប្រទេសកម្ពុជាញឹកញាប់ ក្នុងពេលធ្វើជាអនុប្រធានក្រុមហ៊ុន General Electric (GE)។ តាមរយៈការរស់នៅ និងចេញចូលញឹកញាប់ក្នុងប្រទេសកម្ពុជានេះ បានធ្វើលោក ចន រ៉ាយស៍ មានសមានចិត្តច្រើនជាមួយប្រទេសកម្ពុជា ប្រជាជនកម្ពុជា ហើយក៏បានដឹងពីស្ថានភាពរបស់កម្ពុជាផងដែរ។
លោក ចន រ៉ាយស៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាទីប្រឹក្សាកាលពីចុងឆ្នាំ២០១៧ ក្រោយពេលរូបលោកលាលែងពីតំណែងជាអនុប្រធានក្រុមហ៊ុន General Electric (GE)។
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា សភាពការណ៍ពិតរបស់កម្ពុជាដែលលោក ចន រ៉ាយស៍ នឹងព្យាយាមប្រាប់ទៅកាន់ពិភពលោក គឺការអភិវឌ្ឍ ស្ថេរភាពនយោបាយ ក៏ដូចជាស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគាំទ្រនូវបំណង និងសមានចិត្តរបស់លោក ចន រ៉ាយស៍ ក្នុងការផ្សព្វផ្សាយពីសភាពការណ៍របស់កម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ស្រ៊ី ថាមរ៉ុង្គ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា ប្រទេសកម្ពុជាមានពីរ គឺទីមួយ កម្ពុជាស្ថិតនៅលើទំព័រព័ត៌មានរបស់បច្ចឹមលោក និងនៅលើបបូរមាត់របស់មេដឹកនាំអតីតបក្សប្រឆាំងជាដើម ដែលតែងតែនិយាយថា កម្ពុជាជាប្រទេសផ្តាច់ការ ជាប្រទេសរំលោភសិទ្ធិមនុស្ស មិនគោរពលទ្ធិប្រជាធិបតេយ្យ និងមានវិបត្តិនយោបាយជាដើមនោះ។ រីឯមួយទៀត គឺកម្ពុជាពិត ដែលកំពុងមានស្ថេរភាពនយោបាយ កំពុងមានការអភិវឌ្ឍ ហើយប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយសប្បាយរីករាយ។
ក្នុងជំនួបនេះ បុរសជនជាតិអាមេរិករូបនេះ ក៏បានសម្តែងក្តីរីករាយ ដែលបានធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងមានឱកាសជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោក ចន បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពរបស់លោកនាពេលថ្មីៗនេះ ដែលបានធ្វើជាមួយមន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា ដូចជាការរៀបចំឲ្យមានការផ្លាស់ប្តូរ ធនធានមនុស្ស ដោយកម្មវិធីនេះ កំពុងតែពិភាក្សាគ្នា ហើយរំពឹងថា នឹងទទួលបានជោគជ័យ។
តាមរយៈកិច្ចសហការនេះនឹងមានមន្ត្រីសុខាភិបាលរបស់កម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក ឬក៏មន្ត្រីជំនាញពីសហរដ្ឋអាមេរិក មកហ្វឹកហ្វឺនដល់មន្ត្រីកម្ពុជា ព្រោះកម្ពុជាត្រូវការសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសម្ភារៈ បរិក្ខាទំនើបៗ នៅក្នុងវិស័យវេជ្ជសាស្ត្រ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យលោក ចន ជួយជំរុញឲ្យមានការផ្លាស់ប្តូរគ្នារវាងមន្រ្តីកម្ពុជា និងអាមេរិក ជាពិសេសនៅក្នុងវិស័យសុខាភិបាល ដើម្បីបញ្ជូនមន្ត្រីសុខាភិបាលកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិកបង្កើនជំនាញ សមត្ថភាព និងបច្ចេកទេសផ្សេងៗនៅក្នុងវិស័យសុខាភិបាល។
សម្តេចតេជោ ក៏បានផ្តល់ជាអនុសាសន៍ឲ្យលោក ចន រ៉ាយស៍ យកចិត្តទុកដាក់ជាមួយយុវជន ដោយសារបច្ចុប្បន្ន យុវជនមានការចេះដឹងច្រើន ជាពិសេសសហគ្រិនវ័យក្មេង។ ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យលោក ចន ជួយជំរុញឲ្យមានការរៀបចំជាសិក្ខាសាលា ការជួបជុំតុមូល ជាមួយក្រុមយុវជនវ័យក្មេង ដើម្បីឲ្យយុវជនមានគំនិត ចំណេះដឹងកាន់តែជ្រៅជ្រះ ក្នុងការដឹកនាំ និងបង្កើតជាក្រុមហ៊ុន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជានៅពេលខាងមុខ៕